ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ ណែនាំឲ្យក្រុមបណ្តាញយុវជនដើម្បីអភិវឌ្ឍន៍សហគមន៍ (YNCD) ត្រូវធ្វើការងារសង្គមនៅមូលដ្ឋាន បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅសហគមន៍ឲ្យបានច្រើន ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។
លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះ ខណៈលោកទទួលជួបក្រុមបណ្តាញយុវជនដើម្បីអភិវឌ្ឍន៍សហគមន៍ (YNCD) កាលពីថ្ងៃទី២៨ មករា ឆ្នាំ២០១៧ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា រាជធានីភ្នំពេញ ដើម្បីសុំការផ្តល់គន្លឹះបទពិសោធន៍ការងារ និងអនុសាសន៍ផ្សេងៗឲ្យទទួលបានជោគជ័យក្នុងអាជីព ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ក្នុងនាមតំណាងឲ្យអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជាលោកនិងនៅតែបន្ដសកម្មភាពមនុុស្សធម៌ដល់សហគមន៍និងអាហារូបករណ៍ដល់សិស្ស និស្សិត ឥស្លាម ទៅបន្ដការសិក្សានៅមហាវិទ្យាល័យ ដើម្បីលើកកម្ពស់គុណភាពធនធានមនុស្សនៅសហគមន៍ឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
លោកបន្ដថា ការជួបជុំគ្នាថ្ងៃនេះ នៅមុនពេលដែល ក្រមបណ្តាញយុវជន ដើម្បីអភិវឌ្ឍន៍សហគមន៍YNCD ត្រៀមរៀបចំសិក្ខាសាលាមួយស្តីពី «គន្លឹះក្នុងការបង្កើនគុណភាពជីវិត» ដែលមានប្រធានបទ ៣ សំខាន់ៗគឺ គន្លឺះដើម្បីជោគជ័យក្នុងការសិក្សា គន្លឺះដើម្បីជោគជ័យក្នុងការទំនាក់ទំនង និង គន្លឺះ ដើម្បីជោគជ័យក្នុងអាជីព ។ សិក្ខាសាលានោះ នឹងប្រារព្ធធ្វើនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ នៅ Mekong View Tower សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ជាមួយគ្នានោះដែរលោកក៏បានឧបត្ថម្ភថវិកាចំនួន៥០០ ដុល្លារ ជូនក្រុមបណ្ដាញយុវជនដើម្បីអភិវឌ្ឍន៍សហគមន៍ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ជំនួបពិភាក្សា នេះ គឺ បានផ្តោតសំខាន់អំពីដំណើរការ ជួយសហគមន៍និងផ្តល់អាហាររូបករណ៍នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ រហូតដល់ ឆ្នាំ២០១៦ ,២០១៧ នេះ និស្សិតខ្មែរឥស្លាមចំនួន៨៨នាក់ ហើយដែលបានទទួលអាហារូបករណ៍ដើម្បីបន្តការសិក្សាទាំងក្នុងនិងក្រៅប្រទេស ។
ក្នុងនោះ និស្សិតចំនួន ៧៧ នាក់ បានបញ្ចប់ការសិក្សារបស់ខ្លួន ហើយបានក្លាយជាមន្ត្រីរាជការក្នុងជួររដ្ឋាភិបាល ជា វេជ្ជបណ្ឌិត ជាវិស្វករ និង អ្នក បច្ចេកទេសផ្សេងៗ។ ជាមួយគ្នានេះផងដែរ កម្ពុជា ក៏បានបង្កើត មូលនិធិទំនុកចិត្តមួយ ដើម្បីទទួលការបង្វិលប្រាក់កម្ចីពីនិស្សិតបញ្ចប់ការសិក្សាក្រោមអាហាររូបករណ៍ IDB ដើម្បីបន្តជួយផ្តល់អារូបករណ៍ ដល់និស្សិតជំនាន់ក្រោយទៀត ។ បច្ចុប្បន្ន មូលនិធិ នេះ អាចទ្រទ្រង់ការផ្តល់អាហារូបករណ៍ដល់និសិ្សតថ្មី សិក្សាក្នុងស្រុក បានចំនួន ២ នាក់ ជារៀងរាល់ឆ្នាំ។
ពាក់ព័ន្ធទៅនឹងការផ្តល់អាហារូបករណ៍នេះ លោក Adel Abdulwahab Sindi ក៏បាន បញ្ជាក់ថា៖ IDB បានផ្តល់ជូនកម្ពុជា ជាង ១,៥ លានដុល្លារ សហរដ្ឋអាមេរិក រួចមកហើយ។ សម្រាប់ការផ្តល់អាហារូបករណ៍របស់ IDB នៅទូទាំងពិភពលោក គឺទទួល បានលទ្ធផលល្អ ចំនួន៣សំខាន់គឺ ទី១និស្សិតដែលបានបញ្ចប់ការសិក្សាទទួលបានការងារល្អៗ រហូតដល់មានក្នុងជួររដ្ឋាភិបាលទៀតផង ដូចជានៅកម្ពុជាជាដើម ៕ សំរិត