ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកiPhone 6 ពីប្ដីប្រពន្ធជនជាតិចិនមួយគូរដែលដើរនៅតាមដងផ្លូវ ហើយព្យាយាមជិះម៉ូតូគេចខ្លួនជ្រុលទៅបុករថយន្ដមួយគ្រឿងបណ្ដាលអោយដួលត្រូវប្រជាពលរដ្ឋចាប់បានម្នាក់វាយទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ចដឹកយកទៅមន្ទីរពេទ្យ ចំណែកម្នាក់ទៀតយកទូរស័ព្ទរត់គេចខ្លួនបាត់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២១និង៣០នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ នៅចំណុច១៥៤កែងនឹងផ្លូវលេខ១៣ ក្នុងសង្កាត់ផ្សារកណ្ដាទី១ ខណ្ឌដូនពេញ ហើយចាប់បាននៅចំណុចផ្លូវលេខ១៥៤កែងផ្លូវលេខ១៩ ក្នុងសង្កាត់ជ័យជំនះ។
ជនរងគ្រោះមានឈ្មោះ ហ្សាំង វៃ គ័ង ភេទប្រុស អាយុ33ឆ្នាំ (ប្ដី) និងម្នាក់ទៀត ឈ្មោះ គួគ លូ ភេទស្រី អាយុ32ឆ្នាំ (ប្រពន្ធ) អ្នកទាំងពីរជាជនជាតិចិន ស្នាក់នៅ សណ្ឋាគារ De Art Hotell ។ ចំណែកជនសង្ស័យមានគ្នាពីរនាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីមសង់ សេរិឆ្នាំ២០១៦ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FW-9694 ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញជនជាតិពីរនាក់ប្ដីប្រពន្ធដើរបណ្ដើរគ្នាតាមបណ្ដោយផ្លូវលេខ១៥៤ពេលមកដល់ចំណុចផ្លូវ១៣ដែលជាចំណុចកើតហេតុស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃស្ត្រីជនជាតិចិនដែលកំពុងតែកាន់មើលផែនទី។
ប្រភបានបន្តថាក្រោយពីឆក់បានហើយជនសង្ស័យបានព្យាយាមបើកម៉ូតូគេចខ្លួន តែដោយមានប្រជាពលរដ្ឋស្រែកឆោឡោដេញពីក្រោយធ្វើអោយជនរងគ្រោះភ័យស្លន់ស្លោដល់ចំណុចផ្លូវលេខ១៥៤កែងផ្លូវលេខ១៣ ក៏ជ្រុលទៅបុករថយន្ដកាមរីមួយគ្រឿងបណ្ដាលអោយដួលម៉ូតូត្រូវប្រជាពលរដ្ឋចាប់បានម្នាក់ជាអ្នកឌុបវាយទ្រោមខ្លួន ចំណែកម្នាក់ដែលជាអ្នកជិះពីក្រោយយកទូរស័ព្ទរបស់ជនរងគ្រោះរត់គេចខ្លួនបាត់។
ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ដោយសារតែជនសង្ស័យរងរបួសធ្ងន់ពេកក៏ហៅរថយន្ដសង្គ្រោះបន្ទាន់របស់បន្ទីរពេទ្យកាល់ដឹកយកទៅសង្គ្រោះទាំងដៃជាប់ខ្នោះតែម្ដង។
ចំណែកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលផ្សារកណ្ដាលទី១ ដើម្បីឲ្យសមត្ថិកិច្ចស្រាវជ្រាវចាប់ជនសង្ស័យម្នាក់ទៀតចាត់ការតាមច្បាប់ ៕ដោយ៖ស តារា