ភ្នំពេញ៖ តារាសម្តែង កញ្ញា យ៉ែម ស្រីពេជ្រ បានជួបទុក្ខជាទម្ងន់ក្រោយពីបងប្រុសបង្កើតជាទីស្រលាញ់បានស្លាប់បាត់បង់ជីវិតដោយសារជំងឺខ្សល់គរ។ ក្រោយការស្លាប់នេះនាងនឹងបាត់បង់ប្អូនបង្កើតម្នាក់ទៀតក្រោយពីបងប្អូននាង៤នាក់ទៀតបានស្លាប់កាលពីពេលកន្លងទៅ។
យ៉ែម ស្រីពេជ្រ បានធ្វើឲ្យអ្នកគាំទ្រនិងអ្នករួមអាជីបបង្ហាញពីអារម្មណ៍ខ្លោចចិត្តអាណិតនាងជាពន់ពេកក្រោយពីបងប្រុសបង្កើតជាទីស្រលាញ់បានស្លាប់ចោលភ្លាមៗ។ បងប្រុសបង្កើតរបស់តារាសម្តែងយ៉ែម ស្រីពេជ្រឈ្មោះ រិទ្ធណាណូ អាយុ២៣ឆ្នាំបានដេកស្លាប់នៅលើគ្រែដោយមិនដឹងមូលហេតុដែលគេសង្ស័យថា ស្លាប់ដោយសារជំងឺខ្សល់គរកាលពីថ្ងៃទី២៨ ខែមករា នេះ។
កញ្ញាយ៉ែម ស្រីពេជ្រ និយាយថា នាងពិតជាពិបាកក្នុងការទទួលយកស្ថានភាពពេលនេះព្រោះតែបងប្រុសជាទីស្រលាញ់បានបាត់បង់ជីវិតទាំងវ័យក្មេង។ នាងបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៨ មករា គឺមួយថ្ងៃបន្ទាប់នាង និងគ្រួសារប្រារព្ធពិធីសែនចូលឆ្នាំចិននាងបានទៅដាស់បងប្រុសឲ្យងើបពីដេក ទើបដឹងថាបងប្រុសនាងបានស្លាប់ប៉ុន្តែដោយសភាពសាកសពនៅទន់ដៃជើង ទើបនាងនិងក្រុមគ្រួសារមិនអស់ចិត្តបានដឹកបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យទើបដឹងថាបងប្រុសនាងបានស្លាប់បាត់ទៅហើយ។
តារាស្រីវ័យ១៩ឆ្នាំរូបនេះបញ្ជាក់ដែរថា នៅថ្ងៃសែនចូលឆ្នាំចិនបងប្រុសនាងនៅជួបជុំគ្នាលេងសប្បាយជាមួយប្អូនៗ និងមិនមានសញ្ញាណាមួយបញ្ជាក់ថា បងប្រុសនាងមានជំងឺប្រចាំកាយនោះទេ។ នាងថា បងប្អូននាងសរុបទាំងអស់៨នាក់ស្រី៤នាក់ ដែលបងស្រីបងប្រុសនាង៣នាក់បានស្លាប់ដោយសារលង់ទឹកក្នុងស្រះជាមួយគ្នា ហើយប្អូនស្រីម្នាក់ទៀតបានស្លាប់កាលពីប៉ុន្មានឆ្នាំកន្លងទៅ។ នាងថា នាងនិងក្រុមគ្រួសារពិតជាពិបាកក្នុងការទទួលយកសភាពនៃការបាត់បង់សមាជិកក្រុមគ្រួសារបន្តបន្ទាប់ គ្រាដែលម្តាយនាងសន្លប់បាត់ស្មារតីម្តងៗ រីឯឪពុកនាងមានជំងឺលើសឈាមនិយាយនិងដើរមិនកើត និងនៅសល់តែនាងដែលជាជំហរក្នុងគ្រួសារះព្រោះតែបងប្រុសម្នាក់បានចេញទៅរស់នៅប្រទេសកាណាដា។ នាងបញ្ជាក់ថា នាងពិតជាពិបាកក្នុងខ្លួនដែលស្ទើរតែផុតដង្ហើមសន្លប់ម្តងៗពេលនឹកឃើញដល់បងប្រុស ហើយនាងលួចពួនយំមិនឲ្យម្តាយដឹងពីភាពទន់ខ្សោយរបស់នាងបាន។ នាងថា បងប្រុសម្នាក់នេះ មិនដែលសម្ដីអាក្រក់ដាក់ប្អូន និងមិនដែលវាយនាងសូម្បីមួយដៃ ហើយនាងតែងនឹកឃើញពីការអាណិតស្រលាញ់យកចិត្តទុកដាក់របស់បងប្រុសចំពោះនាង ដែលនាងស្ទើរតែរត់ចេញមិនចង់ឃើញសភាពក្នុងផ្ទះនិងទិដ្ឋភាពនានាដែលនាំឲ្យនឹងឃើញដល់បងប្រុសនោះ។ នាងថា កម្មវិធីបុណ្យត្រូវបានជួយដោយអ្នកភូមិស្រុក គ្រាដែលនាងត្រូវរត់ចុះឡើងស្ទើរខ្សោះខ្សល់ក្នុងខ្លួន ហើយក៏មិនមានមិត្តភក្តិច្រើនបានដឹងនិងចូលរួមដែរ ព្រោះតែចំថ្ងៃសម្រាកក្រោយពិធីចូលឆ្នាំចិនភ្លាមៗ។
គួរបញ្ជាក់ដែរថា ពិធីបុណ្យសពរបស់បងប្រុសនាងត្រូវបានធ្វើឡើងនៅផ្ទះនាងនាភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌដង្កោ ជិតរង្វល់មូលចោមចៅដែលពិធីបូជាសពនឹងត្រូវធ្វើឡើងនៅរាត្រីថ្ងៃទី៣០ខែមករានេះនឹងបន្តរៀបចំពិធីនិមន្តព្រះសង្ឃរាប់បាតនៅថ្ងៃសុក្រទី៣ ខែកុម្ភៈខាងមុខនេះ។ សម្រាប់សិល្បករជាមិត្តរួមអាជីពដែលមានបំណងចូលរួមពិធីបុណសព និងបុណ្យគម្រប់៧ថ្ងៃអាចចូលរួមនិងទំនាក់ទំនងបានតាមលេខទូរស័ព្ទលេខ086 876 455៕ វឌ្ឍនា