ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូ គណៈកម្មាធិការសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍ នៃរដ្ឋសភាអាឡឺម៉ង់ ដឹកនាំដោយ លោកស្រី ដាកម៉ា ជីវូល (Dagmar G.Wohrl) ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។
លោកស្រី បានវាយតម្លៃខ្ពស់ចំពោះរដ្ឋសភាកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញដំណើរលទ្ធិប្រជាធិបតេយ្យ ហើយបាននឹងកំពុងដំណើរទៅមុខយ៉ាងល្អ។
ដំណើរទស្សនកិច្ច របស់លោកជំទាវ ពេលនេះបានជំរុញទំនាក់ទំនងប្រទេសទាំងពីរឲ្យរឹងមាំឡើងថែមទៀត។ ក្នុងន័យនេះ សម្តេចសូមថ្លែងអំណរគុណជ្រាលជ្រៅ ដល់រដ្ឋាភិបាល និងប្រជាជនអាឡឺម៉ង់ ដែលបានផ្តល់ជំនួយយ៉ាងសន្ធឹកសន្ធាប់ ដល់កម្ពុជា ក្នុងវិស័យកសិកម្ម សុខាភិបាល អភិវឌ្ឍន៍ជនបទ និងដំណើរលទ្ធិប្រជាធិបតេយ្យ ជាដើមនោះ។
សម្តេច ហេង សំរិន ក៏បានស្នើដល់គណៈប្រតិភូរបស់លោកស្រី មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះជួយផ្សព្វផ្សាយ និងជំរុញសក្តានុពលទេសចរ វិនិយោគ របស់កម្ពុជា ដល់ប្រជាជនអាឡឺម៉ង់បានដឹង និងបានមកបណ្តាក់ទុន ធ្វើទេសចរណ៍កម្សាន្ត នៅកម្ពុជាឲ្យបានច្រើនឡើង ផងដែរ៕