អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិសម្រេចមិនឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូងឡើយ

ចែករំលែក៖

ក្រោយពេលមានព័ត៌មានជាច្រើនថា លោក បាន គីមូន កំពុងតែធ្វើសកម្មភាពទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋកូរ៉េខាងត្បូងក្រោយលោកបញ្ចប់អាណត្តិនៅអង្គការសហប្រជាជាតិដើម្បីក្លាយជាប្រធានាធិបតីនៅក្នុងប្រទេសនេះនាពេលអនាគតនោះ នៅពេលនេះលោក បាន គីមូន បាន ចេញមុខប្រកាសជាសាធារណៈថា លោកមិនឈរឈ្មោះបេក្ខភាពប្រធានាធិបតីនៅក្នុងការបោះឆ្នោតឡើយ។

យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap បានផ្សាយថា អតីតអគ្គលេ ខាធិការអ.ស.ប.លោក បាន គីមូន ទើប បានជូនដំណឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោកនឹងមិនដាក់ពាក្យបេក្ខភាពនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅ កូរ៉េខាងត្បូងនាពេលខាងមុខនេះឡើយ។

កត្តាមួយចំនួនជំរុញឲ្យលោក បាន គីមូន សម្រេចដូច្នេះគឺដោយសារតែលោកមិនចងឲ្យបាត់បង់ប្រជាប្រិយភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ និងមួយទៀតគឺ ដោយសារតែវ័យចាស់ ទើបលោកចង់ ដកខ្លួនចេញពីឆាកនយោបាយមិនចង់ គិតអ្វីច្រើនជាងនេះ។ បច្ចុប្បន្នលោក បាន គីមូន មានអាយុ៧២ឆ្នាំហើយគឺល្មមដែលលោកត្រូវសម្រាកពីឆាកនយោបាយ។ ប៉ុន្តែលោកនឹងមិនបោះបង់ចោលសង្គមនោះឡើយលោកនឹងមានសកម្មភាព មនុស្សធម៌ជាច្រើននៅក្នុងប្រទេសក៏ដូចជាជួយតម្រង់ការដឹកនាំប្រទេសរបស់ប្រធានាធិបតីក្រោយៗឲ្យដើរត្រង់ផ្លូវនាំប្រទេសជាតិទៅរកភាពរីកចម្រើនខ្ពស់។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើង ថា ការណ៍ដែលលោក បាន គីមូន មិន ប្រឡូកនៅក្នុងឆាកនយោបាយនឹងធ្វើឲ្យលោកកាន់តែមានប្រជាប្រិយភាពក្នុងសង្គម អ្នកនយោបាយ។

ក្នុងរយៈពេលកន្លងមកបើទោះបីជា អតីតអគ្គលេខាធិការអង្គការសហប្រជា ជាតិពុំដែលបានប្រកាសពីបេក្ខភាពប្រធានាធិបតីក៏ដោយក៏គេបានឃើញរូបលោកផ្ទាល់ចេញធ្វើសកម្មភាពជាហូរហែដូចជាទៅសួរសុខទុក្ខពលរដ្ឋកូរ៉េខាងត្បូងនៅតាម គ្រប់ច្រកល្ហកជាដើម។

សកម្មភាពទាំងនេះហើយដែលគេមើលទៅហាក់បីដូចជាបង្ហាញឲ្យគេឯងដឹងដែរថា រូបលោកជាបេក្ខ ភាពប្រធានាធិបតីមួយរូបសម្រាប់គណ បក្សអភិរក្សនិយមរបស់លោកស្រីប្រធានាធិបតី ផាក គឿនហេ ដែលទើបត្រូវបាន សភាបោះឆ្នោតទម្លាក់ចេញពីមុខតំណែងឬក៏ជាបេក្ខភាពសម្រាប់បក្សអភិរក្សនិយមខាងក្រុមរបស់អ្នកប្រឆាំងដែរ។

ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក្តីក៏លោក បាន គីមូន នៅតែទទួល បរាជ័យពីព្រោះគណបក្សអភិរក្សពុំបាន គាំទ្ររូបលោក។ ចំណែកឯរូបភាពរបស់លោកវិញត្រូវបានប្រឡាក់ប្រឡូសដោយសារតែរឿងអាស្រូវពុករលួយខ្លះៗដែល ពាក់ព័ន្ធនឹងក្រុមអ្នកជំនិតរបស់លោក។ លើសពីនេះក៏មានប្រព័ន្ធផ្សព្វផ្សាយខ្លះៗនៅក្នុងស្រុកបាននាំគ្នាធ្វើការពិពណ៌នាយ៉ាងគគ្រឹកគគ្រេងថា លោក បាន គីមូន ជាបុគ្គលមួយរូបដែលស្ថិតនៅដាច់ឆ្ងាយ ផុតពីសភាពការណ៍ជាក់ស្តែងនាបច្ចុប្បន្ន។

នៅពេលដែលលោក បាន គីមូន បញ្ចប់ អាណត្តិអគ្គលេខាធិការអង្គការសហប្រជាជាតិលោកក៏បានរងការចោទប្រកាន់ពីបទពុករលួយក្នុងប្រទេសកំណើតផងដែរ។ តាម លទ្ធផលស៊ើបអង្កេតមួយចុះផ្សាយដោយ ទស្សនាវដ្តីកូរ៉េឲ្យដឹងថា លោក បាន គីមូន បានទទួលលុយសុទ្ធចំនួន២០០.០០០ ដុល្លារកាលពីឆ្នាំ២០០៥ ក្នុងពេលដែលលោកមានតួនាទីជារដ្ឋមន្រ្តីការបរទេស ហើយបានទទួលចំនួន៣០.០០០ដុល្លារទៀតក្នុងឆ្នាំ២០០៧ បន្ទាប់ពីលោកទទួលបានតំណែងជាអគ្គលេខាធិការអង្គការ សហប្រជាជាតិ។

អ្វីៗត្រូវបានទស្សនាវដ្តីប្រចាំសប្តាហ៍ មួយនៅកូរ៉េខាងត្បូងឈ្មោះ Sisa ទម្លាយ ឲ្យដឹងថា កាលពី១០ឆ្នាំមុនក្នុងនាមជារដ្ឋមន្រ្តីការបរទេសលោក បាន គីមូន បាន ទទួលលុយសុទ្ធចំនួន២៣០.០០០ដុល្លារ គឺជាទឹកលុយសូកប៉ាន់ដែលលោក បាន គីមូន បានទទួលពីលោក ប៉ាក់ យុនចា ចៅហ្វាយក្រុមហ៊ុន Taekwang ហើយ ឈ្មោះលោក ប៉ាក់ យុនចា ដដែលនេះក៏ ធ្លាប់ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ សំដៅលើមនុស្សជំនិតរបស់លោកអតីតប្រធានាធិបតីកូរ៉េខាងត្បូង រ៉ូ មូយុន ដែរ។

លោក បាន គីមូន មិនទាន់បានបញ្ចេញ ប្រតិកម្មអ្វីទេ តែអ្នកនាំពាក្យរបស់គាត់បានច្រានចោលព័ត៌មាននេះដោយចាត់ទុកជាព័ត៌មានក្លែងក្លាយ និងគ្មានមូលដ្ឋានច្បាស់ លាស់។ ទន្ទឹមគ្នានេះអ្នកនាំពាក្យដដែលក៏បានទាមទារឲ្យទស្សនាវដ្តី Sasi ដកព័ត៌ មាននោះចោលវិញ រួចធ្វើការសុំទោស។

គេនៅមិនទាន់ដឹងថា តើព័ត៌មានរឿងអាស្រូវពុករលួយជាប់ពាក់ព័ន្ធនឹងលោក បាន គីមូន ជាការពិតឬជារឿងប្រឌិតទេ អ្វីដែលគេដឹងព័ត៌មានមួយនេះបានជះឥទ្ធិពលមិនល្អទាល់តែសោះលើលោក បាន គីមូន ព្រោះថា បន្ទាប់ពីកាន់តំណែងជា អគ្គលេខាធិការអង្គការសហប្រជាជាតិ រយៈពេល២អាណត្តិមកលោកសង្ឃឹមនឹងកាន់តំណែងប្រធានាធិបតីនៅក្នុងប្រទេសកំណើតបន្ថែមទៀត។ សូមជម្រាបជូនថា នៅក្នុងប្រទេសកំណើតលោក បាន គីមូន ទទួលបានការគាំទ្រច្រើនពីអ្នកបោះឆ្នោតកូរ៉េដែលមានវ័យចំណាស់។

គណបក្សអភិរក្សនិយមដែលកំពុងកាន់ អំណាច និងដែលកំពុងធ្លាក់កូដដោយរឿងអាស្រូវពុករលួយជាប់ពាក់ព័ន្ធនឹងលោកស្រីប្រធានាធិបតី ផាក គឿនហេ ទម្លាក់ ពីអំណាចសង្ឃឹមថា នឹងជ្រើសយកលោក បាន គីមូន ជាបេក្ខជនសម្រាប់ការបោះឆ្នោតខាងមុខ។

ដោយឡែកគណបក្សចម្រើន និយម Minjoo ដែលជាបក្សប្រឆាំងបានទាមទារឲ្យមានការស៊ើបអង្កេតមួយលើ ព័ត៌មានរបស់ទស្សនាវដ្តី Sasi។ សម្រាប់ គណបក្យ Minjoo ដែលបេក្ខជនរបស់ខ្លួនកំពុងទទួលបានសំឡេងគាំទ្រខ្លាំងយល់ឃើញថា លោក បាន គីមូន ជាបេក្ខជនគូប្រជែងដ៏គ្រោះថ្នាក់បំផុត៕

korea

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print