ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកឧដុង្គបានធ្វើប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ទាំងយប់អធ្រាត្រ ជាលទ្ធផលឈានដល់ចាប់ខ្លួនជនសង្ស័យ៤នាក់ និងរឹបអូសយកវត្ថុតាងមួយចំនួនផងដែរ ។
ករណីចុះបង្ក្រាបនេះ សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតចំណុចក្នុងផ្ទះបាយរបស់ឈ្មោះ ផល្លា លីន ភេទប្រុស អាយុ៣១ឆ្នាំ ស្ថិតក្នុងភូមិព្រៃតាទ្រូ (ស្រែវាល) ឃុំភ្នំតូច ស្រុកឧដុង្គខេត្តកំពង់ស្ពឺ ។
ការចុះបង្ក្រាបនេះ បន្ទាប់ពីកម្លាំងអធិការដ្ឋាននគរបាលស្រុកបានទទួលព័ត៌មានពីប្រជា ពលរដ្ឋ ថា ផ្ទះខាងលើផ្តល់ជម្រកសំរាប់ប្រើប្រាស់ និងលក់គ្រឿងញៀន ទើបកំលាំងបានបង្រ្កាបដោយឃាត់បានមុខសញ្ញា៤នាក់ ដែលកំពុងប្រើប្រាស់ជាក់ស្តែង ។
សមត្ថកិច្ចបន្តថា មុខសញ្ញាទាំង៤នាក់មានៈ ១ ឈ្មោះ ផល្លា លីន ភេទប្រុស ជាម្ចាស់ផ្ទះផ្តល់ទីតាំង និងប្រើប្រាស់, ២_ឈ្មោះ ធីម សុចន្រ្ទា ភេទប្រុស អាយុ ២៤ឆ្នាំរស់ នៅភូមិត្រពាំងថ្លាន សង្កាត់ពន់សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ, ៣_ឈ្មោះ សៀក ឆៃម៉េង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ជាអ្នកលក់ដូរ និង ៤_ឈ្មោះ សាន្ត វិមាន ភេទស្រី អាយុ១៩ឆ្នាំរស់នៅ ភូមិមាត់អូរ ឃុំពាំងល្វា ស្រុកឧដុង្គ ជាអ្នកប្រើប្រាស់ ព្រមទាំងដកហូតបានឧបករណ៍មួយផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី ៕ សេនាស័ក្តិ