ភ្នំពេញ៖ លោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ និងកម្លាំងសមត្ថកិច្ចប៉ូលីសខណ្ឌបានបន្តបើកយុទ្ធនាការបោសសំអាត និងបង្រ្កាបការជួញដូរគ្រឿងញៀនមួយសបុកធំទៀតនៅចំណុចផ្លូវរថភ្លើងតំបន់បឹងកក់ដែលជាទីតាំងសម្បូរទៅដោយជនសង្គមងងឹតធ្វើសកម្មភាពចែកចាយ និងជួញដូរគ្រឿងញៀន ហើយតែងតែប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ច។ ទោះបីជាក្រុមជនសង្ស័យប្រើរូបភាពបែបណាក៏ដោយ ក៏ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាបជាក់ស្តែង ជាលទ្ធផលឃាត់ខ្លួនមនុស្ស១១នាក់ក្នុងនោះ(ប្រុសទាំងអស់) ដកហូតគ្រឿងញៀនជាង២០កញ្ចប់តូច រួមនិងសម្ភារសម្រាប់ប្រើប្រាស់ និងចែកចាយមួយចំនួនធំផងដែរ។
ប្រតិបត្តិការនេះបានធ្វើឡើងវេលាម៉ោង៣រសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្លូវរថភ្លើង ភូមិ២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានឲ្យដឹងថា ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញារង សៀង សុខ ទើបកម្លាំងចម្រុះរបស់ខណ្ឌបានចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនបានចំនួន១១នាក់ និងវត្ថុតាងថ្នាំញៀនជាង២០កញ្ចប់តូច រួមទាំងឧបករណ៍ប្រើប្រាស់មួយចំនួនធំទៀត។
បច្ចុប្បន្នជនសង្ស័យទាំង១១នាក់រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញដើម្បីចាត់ការតាមនីតិវិធី៕ ស តារា
...