ខ្សែការពារអន្តរជាតិបារាំង Lucas Hernandez របស់ក្លិប Atletico Madrid ត្រូវ បានរដ្ឋអាជ្ញាសាធារណៈរបស់ប្រទេស អេស្ប៉ាញស្នើឲ្យមានការកាត់ទោសរយៈពេល៧ខែ។ នេះបើយោងទៅតាមណ្តាញសារព័ត៌មានអេស្ប៉ាញកាលពីថ្ងៃដើម សប្តាហ៍កន្លងទៅ ។
កីឡាករ Hernandez វ័យ២០ឆ្នាំរូបនេះត្រូវបានឃាត់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុនក្រោយពីមិត្តស្រីរបស់គេ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយមានរបួសបន្តិច បន្តួចក្រោយពីការផ្ទុះជម្លោះហិង្សារវាងអ្នកទាំង២។ មិនមានភាគីណាមួយបានដាក់ពាក្យបណ្តឹងប្តឹងគ្នាឡើយ ប៉ុន្តែរដ្ឋអាជ្ញា សាធារណៈបានស្នើឲ្យទាំងភាគី២ត្រូវរង នូវការកាត់ទោសដូចគ្នា ខណៈដែលដៃគូ របស់ Hernandez ត្រូវប្រឈមមុខនឹងការ ជាប់គុករយៈពេល៦ខែ។
បើទោះបីត្រូវបានកាត់ទោសក៏ដោយ ក៏កីឡាកររូបនេះមិនស្ថិតក្នុងពន្ធនាគារឡើយ ខណៈដែលការកាត់ទោសផ្សេងៗ ក្រោម រយៈពេល២ឆ្នាំជាធម្មតាត្រូវព្យួរ សម្រាប់ការ ប្រព្រឹត្តល្មើសជាលើកទី១នៅអេស្ប៉ាញ។
តុលាការជាន់ខ្ពស់ក្នុងទីក្រុង Madrid បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា «រដ្ឋអាជ្ញាសាធារណៈចោទប្រកាន់ខ្សែការ ពាររបស់ក្លិប Atletico Madrid រូបនេះពី បទប្រព្រឹត្តអំពើហិង្សា និងការបង្កឲ្យមាន របួស»។
ក្នុងដំណាក់កាលរង់ចាំសេចក្តី សម្រេចពីតុលាការគូសង្សាររូបនេះត្រូវបាន ហាមមិនឲ្យស្ថិតនៅក្បែរគ្នាឡើយ ៕ ដេវីត