ការធ្វើរដ្ឋប្រហារមិនបានសម្រេចនៅទួរគីពេលនេះមន្ត្រី៤.៥០០នាក់ទៀតត្រូវដកតំណែង

ចែករំលែក៖

មន្ត្រីទួរគីបានសម្រេចដកហូតតំណែងមន្ត្រី៤.៥០០នាក់បន្ថៃមទៀតនៅក្នុងការ ចម្រាញ់មន្ត្រីមិនស្មោះត្រង់នឹងរដ្ឋាភិបាល ក៏ដូចជាមន្ត្រីដែលបានចូលរួមនៅក្នុងការធ្វើរដ្ឋប្រហារទម្លាក់លោក Recep Tayyip Erdogan។

សារព័ត៌មាន Gazette បានផ្សាយថា មន្ត្រី៤៤៦៤នាក់ត្រូវបានដកហូតតំណែង ក្នុងនោះមាន២.៥៨៥នាក់ជាមន្ត្រីនៅក្នុងក្រសួងអប់រំ និងមន្ត្រីជិត១.០០០នាក់ស្ថិតនៅក្នុងបណ្តាញទូរទស្សន៍ជាតិ។

រដ្ឋាភិបាលទួរគីបានប្រកាសពីការ សម្រេចខាងលើដោយមិនចាំបាច់ឆ្លងកាត់សភាអនុម័តឡើយ។ នៅពេលនេះដែរទួរគី បានបន្តពន្យារពេលភាពអាសន្នលើកទីពីរ គឺអូសបន្លាយរហូតដល់ថ្ងៃទី១៩ខែមេសាខាងមុខ។

រហូតមកទល់ពេលនេះប្រធានាធិបតី ទួរគីលោក Recep Tayyap Erdogan បានចោទប្រកាន់មេដឹកនាំសាសនា Feth-ullah Gulen គឺជាអ្នកដឹកនាំក្នុងការធ្វើរដ្ឋប្រហារ ហើយពេលនេះកំពុងរស់នៅអាមេ រិក។ ទន្ទឹមនោះអ្នកដែលគាំទ្រលោក Gulen ត្រូវបានដកហូតតំណែង និងដាក់ ទោស។

ក្រោយការធ្វើរដ្ឋប្រហារកាលពីខែកក្កដា ឆ្នាំ២០១៦ មកទល់ពេលនេះរដ្ឋាភិបាល ទួរគីបានស្រាវជ្រាវលើមន្ត្រីជាង១សែននាក់ និងចាប់ខ្លួន៤១ពាន់នាក់ក៏ដូចជាដកហូតតំណែងមន្ត្រីជាងមួយសែននាក់ផងដែរ។

កាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងទៅរដ្ឋា ភិបាលទួរគីបានសម្រេចដកហូតតំណែងមន្ត្រី៨.៤០០នាក់ និងបិទទ្វារក្រុមហ៊ុន ជាង៨០ជាប់ពាក់ព័ន្ធឬគាំទ្រដល់ការធ្វើរដ្ឋប្រហារ។

បច្ចុប្បន្នប្រធានាធិបតីទួរគីកាន់តែមានអំណាចខ្លាំងឡើងក្នុងការសម្រេចអ្វីមួយ ក្រោយពេលដែលសភាទួរគីបានអនុម័ត គម្រោងវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីជាមួយ សំឡេងយល់ស្រប៣៣៩សំឡេងគិតទៅគឺមាន៩សំឡេងលើសពីសំឡេងដែល សភាត្រូវការដើម្បីរៀបចំប្រជាមតិក្នុង ស្រុក។ ការអនុម័តនេះពិតជាធ្វើឲ្យប្រធានាធិបតីអ៊ែរដូហ្គាន់ត្រេកអរមិនតិចទេ ព្រោះជាអ្វីដែលលោកប៉ងប្រាថ្នាជាយូរមកហើយ។

មិនឲ្យលោកអ៊ែរដូហ្គានត្រេកអរម្តេច បានបើខ្លឹមសាររដ្ឋធម្មនុញ្ញថ្មីអាចអនុញ្ញាតឲ្យលោកអ៊ែរដូហ្គានបន្តកាន់កាប់ទួរគីរហូត ដល់ឆ្នាំ២០២៩ឯណោះ នេះមិនគិតពី អំណាចថ្មីៗដែលដាក់បន្ថែមពីលើអំណាចបច្ចុប្បន្នផង។ បើទោះជារដ្ឋធម្មនុញ្ញថ្មីត្រូវឆ្លងកាត់ការបោះឆ្នោតប្រជាមតិក៏គេរំពឹងថា ប្រជាជនទួរគីនឹងបោះឆ្នោតគាំទ្ររដ្ឋធម្មនុញ្ញនេះដែរ។

សូមរំលឹកថា លោករីស៊ីប តាយយីព អ៊ែរដូហ្គាន បានជាប់ឆ្នោតជាប្រធានាធិបតី ទួរគីនៅឆ្នាំ២០១៤ ក្រោយពេលកាន់កាប់ រដ្ឋាភិបាលបាន១២ឆ្នាំ។ បើប្រជាជនទួរគីបោះឆ្នោតគាំទ្ររដ្ឋធម្មនុញ្ញថ្មីនេះលោកអ៊ែរដូហ្គានមានសិទ្ធិគ្រប់គ្រងទួរគីសាជាថ្មីទៀត អាចគ្រប់គ្រងប្រទេសដល់ទៅ២អាណត្តិថែមទៀតប្រហែលកាន់អំណាចដល់ឆ្នាំ ២០២៩។ យោងតាមក្រុមអ្នកគាំទ្រកំណែទម្រង់រដ្ឋាភិបាលបែបចម្រុះនៅទួរគីសព្វថ្ងៃធ្វើឲ្យស្ថាប័នរដ្ឋផុយស្រួយ។ ហេតុនេះ កំណែទម្រង់រដ្ឋធម្មនុញ្ញថ្មីនឹងជួយទប់ស្កាត់ អស្ថិរភាពក្នុងស្ថាប័នរដ្ឋ។

យោងតាមគម្រោងរដ្ឋធម្មនុញ្ញថ្មីទួរគីនឹង ប្រកាន់របបប្រធានាធិបតីដោយលុបចោល តំណែងនាយករដ្ឋមន្ត្រី។ តាមធម្មតានៅ ទួរគី តំណែងប្រធានាធិបតីគ្រាន់តែជា តំណែងនិមិត្តរូបមួយប៉ុណ្ណោះ។ ក្នុងការ គ្រប់គ្រងគឺនាយករដ្ឋមន្ត្រីដែលមានអំណាច ច្រើនក្នុងការសម្រេច។ ប៉ុន្តែកំណែទម្រង់ រដ្ឋធម្មនុញ្ញថ្មីនេះនឹងលុបចោលតំណែង នាយករដ្ឋមន្ត្រី តែនឹងដាក់ចេញតំណែង អនុប្រធានាធិបតី។ យោងតាមច្បាប់ថ្មី ប្រធានាធិបតីមានសិទ្ធិប្រកាសភាពអាសន្ន ក្នុងប្រទេស មានសិទ្ធិតែងតាំងនិងដកហូតតំណែងរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មានសិទ្ធិរំលាយសភាចោល។

អ្វីដែលពិសេសទៅទៀតនោះគឺថា យោង តាមរដ្ឋធម្មនុញ្ញថ្មីនេះប្រធានាធិបតីមាន អំណាចរហូតដល់ទៅអន្តរាគមន៍ក្នុង ដំណើរការរបស់តុលាការទៀតផង។ ដូច្នេះខ្លឹមសាររដ្ឋម្មនុញ្ញបច្ចុប្បន្នដែលចែងពីឯករាជ្យភាពរបស់តុលាការទួរគីនឹងត្រូវ រលាយខ្សុលទៅវិញ។ បើអាចជ្រៀតចូល ក្នុងកិច្ចការរបស់តុលាការបានទៅហើយ រឿងអីដែលលោកអ៊ែរដូហ្គានមិនសប្បាយចិត្ត?

ត្រង់នេះហើយដែលអង្គការក្រៅរដ្ឋា ភិបាល និងអង្គការសិទ្ធិមនុស្ស រួមទាំង ក្រុមប្រឆាំងជាច្រើនមានការព្រួយបារម្ភថា រដ្ឋធម្មនុញ្ញថ្មីនេះអាចនឹងឲ្យទួរគីធ្លាក់ក្នុង របបផ្តាច់ការបាន។ គ្រប់គ្នាដឹងច្បាស់ ហើយថា លោកអ៊ែរដូហ្គាននៅមិនសុខបក់ មិនល្ហើយទេ តាំងពីមានរដ្ឋប្រហារពាក់ កណ្តាលខែកក្កដាឆ្នាំមុនមក។

លោកអ៊ែរដូហ្គានបានបញ្ចេញកណ្តាប់ដៃដែករដ្ឋាភិបាលទួរគីចាត់ចែងបោស សម្អាតជនក្បត់ជនដែលឃុបឃិតទម្លាក់ រដ្ឋាភិបាលទួរគីដែលកើតចេញពីការបោះឆ្នោតស្របច្បាប់។ អ្នកសារព័ត៌មានមន្ត្រី ទាហានគ្រប់ជាន់ថ្នាក់រាប់ពាន់រាប់ម៉ឺននាក់ ត្រូវបានបញ្ឈរជើងឬក៏ជាប់ឃុំដោយសារតែអាចជាប់ពាក់ព័ន្ធរដ្ឋប្រហារ។ ការ ចាប់ខ្លួននៅតែបន្តធ្វើ ហើយបើទោះជា អាជ្ញាធរចាប់ខ្លួនមនុស្សសន្ធឹកសន្ធាប់ ហើយក្តី ក៏លោកអ៊ែរដូហ្គានហាក់ដូចមិន អស់ចិត្ត។ ប្រហែលដោយសារតែអំណាចប្រធានាធិបតីរបស់លោកនៅមានកម្រិត មិនឲ្យលោកអាចធ្វើអ្វីបានពេញដៃពេញជើងហើយមើលទៅ ទើបបានជាមានកំណែ ទម្រង់រដ្ឋធម្មនុញ្ញថ្មីនេះឡើង។

លោកអ៊ែរដូហ្គានពិតជាសប្បាយចិត្ត មិនតិចទេ ដែលសភាបើកភ្លើងខៀវដល់រដ្ឋធម្មនុញ្ញថ្មី ព្រោះលោកមិនត្រឹមតែអាចបន្តក្តាប់អំណាចតទៅពេលខាងមុខថែមទៀត ទេ រដ្ឋធម្មនុញ្ញថ្មីក៏ជាការផ្គើនដល់សហភាព អឺរ៉ុប និងអាមេរិកផងដែរ ដែលហ៊ានរិះគន់ការបោសសម្អាតផ្ទៃក្នុងនៅទួរគីក្រោយរដ្ឋប្រហារកន្លងមកនោះ។

សម្រាប់ប្រជាមតិទាក់ទងគម្រោងរដ្ឋធម្មនុញ្ញថ្មីនេះមើលទៅប្រជាជនទួរគី ប្រហែលជាអាចបោះឆ្នោតគាំទ្រពេញទី។ ទន្ទឹមនឹងការបន្តចាប់ខ្លួនជនសង្ស័យក្នុង រដ្ឋប្រហារទួរគីសព្វថ្ងៃកំពុងរងគ្រោះដោយភេរវកម្ម។ បក្សកាន់អំណាចឆ្លាតវៃឃោសនាផ្តោតលើនយោបាយការពារសន្តិសុខ ចង់មិនចង់ក៏ប្រជាជនអាចនឹងបោះឆ្នោតគាំទ្ររដ្ឋធម្មនុញ្ញថ្មី។ ប្រជាជនប្រហែល ជាសង្ឃឹមថា បក្សកាន់អំណាចអាចនឹងការពារសន្តិសុខជាតិ និងអាចបិទបញ្ចប់រឿងពាក់ព័ន្ធរដ្ឋប្រហារកាលពីខែកក្កដាបាន៕

Turkey

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print