ភ្នំពេញ៖ រថយន្តកុងតឺន័របើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវបុរសម្នាក់ជិះម៉ូតូភូហ្សារជ្រុលបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង១០និង៤០នាទីយប់ទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិ៤ មុខបញ្ជាការដ្ឋាននកងទ័ពជើងគោក ស្ថិតក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពីកន្លែកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកភូហ្សា ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ 1CH-7245 ជិះតាមបណ្ដោយជាតិ៤ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តកុងតឺន័រមួយកគ្រឿងក្បាលពណ៌លឿងស្លាកលេខភ្នំពេញ3C-2883 បើកចេញពីរោងចក្រផ្កាឈូកក្នុងទិសដៅពីជើងទៅត្បូងឆ្លងមកផ្លូវជាតិលេខ៤
ធ្វើឲ្យម៉ូតូរងគ្រោះបុកចំពាក់កណ្ដាលរថយន្ដពេញទំហឹងបណ្ដាលបុរសជិះម៉ូតូរងរបួសធ្ងន់ ចំណែកអ្នកបើកបរថយន្តកុងតឺន័រឃើញដូច្នេះភ័យបានរត់បាត់ពីកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះក្លីនិកឯកជនដឹកទៅព្យាបាល ក្រោយមកសមត្ថកិច្ចមូលដ្ឋានទៅដល់កន្លែងកើតហេតុ រាយការណ៍ទៅជំនាញចរាចរខណ្ឌឲ្យចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៏សែនជ័យដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕ សុខាសែនជ័យ
...