ខេត្តកណ្ដាល៖ ព្រះអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល លោក សំមឫទ្ធី វាសនា បានដោះលែងបុរសចំណាស់ម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ឲ្យមានសេរីភាពឡើងវិញ កាលពីល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ។
ប្រភពព័ត៌មាន បង្ហើបឲ្យដឹងថា ការដោះលែងនេះ គឺ អាចបង្កប់ភាពអាថ៌កំបាំង ពិសេសលាភសក្ការៈ តែព្រះរាជអាជ្ញារងរូបនេះ ច្រាលចោល ហើយនិយាយថា ការដោះលែងធ្វើឡើងត្រឹមត្រូវតាមច្បាប់ ។
នគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ នួន នាង អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាលមុខរបរកសិករ ត្រូវបានឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចព្រំដីផ្ទះរបស់ឈ្មោះ ទ្រី ស្រ៊ាង ភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ។
នៅដំណាក់កាលសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានយកដំបងឈើជ្រុងវាយទៅលើឈ្មោះ ទ្រី ស្រ៊ាង ភេទស្រី អាយុ៦៤ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់ ពិតប្រាកដមែន ។
មាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ចែងពីបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី២ឆ្នាំទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល កាលបើអំពើនេះ ដោយប្រើអាវុធ ឬ គំរាមកំហែងនឹងអាវុធ ។
នគរបាលស្រុកកោះធំ កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ បានបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីចាត់ការតាមច្បាប់ ។ ប៉ុន្តែក្រោយការសាកសួរ លោក សំមឫទ្ធី វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល បានសម្រេចដោះលែងជនសង្ស័យឲ្យមានសេរីភាពឡើងវិញ ។
ពាក់ព័ន្ធករណីនេះ លោក សំមឫទ្ធី វាសនា បានបញ្ជាក់កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ថា មូលហេតុនៃការសម្រេចដោះលែងនេះ ព្រោះដើមបណ្ដឹងមកដកបណ្ដឹង ព្រោះត្រូវជាបងប្អូនសាច់ថ្លៃនឹងគ្នា ហើយទទួលសំណងរួចរាល់ ។ម្យ៉ាងទៀត មូលហេតុនៃការវៃ ដោយសារជនរងគ្រោះស្រវឹង ទើបមានជម្លោះនិងជនសង្ស័យ ហើយយល់ឃើញថា ជនសង្ស័យចាស់មានអាយុ៦៥ឆ្នាំផង ។
លោក បន្ថែមថា ការដោះលែងនេះ ពុំមានពាក់ព័ន្ធនឹងលាភសក្ការៈនោះទេ គឺ ធ្វើឡើងត្រឹមត្រូវតាមច្បាប់ ៕ ចេស្តា