ភ្នំពេញ ៖ ក្នុងចំណោមអធិការនគរបាលខណ្ឌទាំង១២ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៩៦សង្កាត់ អធិការដ្ឋាននគរបាលខណ្ឌប្ញស្សី កែវបានទទួលចំណាត់ថ្នាក់លេខ «១» ដែលមានស្នាដៃល្អ ក្នុងការស្រាវជ្រាវបង្ក្រាប បទល្មើសចែកចាយ ជួញដូរគ្រឿងញៀន ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀនលើកទី១ នៃរាជធានីភ្នំពេញ ។
ការប្រកាសទទួលចំណាត់ថ្នាក់នេះ គឺធ្វើឡើងនៅក្នុងពិធីបើកសន្និបាតត្រួតពិនិត្យសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ ធ្នាប់សង្គមឆ្នាំ២០១៦ និងទិសដៅភារកិច្ចសម្រាប់ឆ្នាំ២០១៧ កាលពីព្រឹកថ្ងៃទី៨ និងទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ , ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន វណ្ណ អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកស្នងការរង, អនុប្រធានសេនា ធិការ , អនុប្រធានការិយាល័យកណ្តាល , នាយការិយាល័យជំនាញ ៕ ជាយក្រុង