អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបង្ហាញពីគម្រោងផ្សព្វផ្សាយមូលដ្ឋានគ្រឹះនៃកីឡានេះដល់ថ្នាក់ក្រោមជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោក ណយ ផានណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានផ្តលបទសម្ភាសន៍ខ្លីមួយដល់អ្នកសារព័ត៌មានដើម្បីបង្ហាញពីគម្រោងផែនការមួយចំនួនពាក់ព័ន្ធនឹងយុទ្ធនាការចុះផ្សព្វផ្សាយ ស្តីពីមូលដ្ឋានគ្រឹះនៃវិស័យកីឡាកាយសម្ព័ន្ធ ដល់ថ្នាក់ក្រោមជាតិចាប់ពីដើមខែមីនា ឆ្នាំ ២០១៧ កាលពីល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៧នៅសាលដំបូលទូកក្នុងពហុកីឡដ្ឋានជាតិ ។

លោក ណយ ផានណា បានឲ្យដឹងថា ដើម្បីបញ្ជ្រាបចំណេះដឹងកាន់តែស៊ីជម្រៅក្នុងវិស័យកីឡាជំនាញមួយនេះដល់គ្រូបង្វឹក កីឡាករ កីឡាការិនីថ្នាលនៅមូលដ្ឋាននោះ គឺយើងមានគោលបំណងចង់ពង្រឹងគ្រឹះឲ្យបានរឹងមាំតាមផែនការអភិវឌ្ឍឆ្ពោះទៅ ដណ្តើមមេដាយពីព្រឹត្តិការណ៍កីឡាអន្តរជាតិនានាដែលសហព័ន្ធបានដាក់ចុះនាពេលកន្លងទៅ ។

លោកអគ្គលេខាធិការបានបន្តថា យុទ្ធ នាការផ្សព្វផ្សាយនេះធ្វើឡើងដោយយោងតាមផែនការមេរបស់សហព័ន្ធ និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំយុវជននិងកីឡាដែលតម្រូវឲ្យសហព័ន្ធនីមួយៗ ត្រូវតែរៀបចំសិក្ខាសាលាឲ្យបានយ៉ាងតិច២ទៅ៣ដងក្នុង១ឆ្នាំៗដើម្បី ជាការបញ្ជ្រាបចំណេះដឹងជូនដល់ប្រជាជននៅតាមតំបន់ ដែលមានក្លិបស្រាប់ឲ្យពួកគាត់បានជ្រាបច្បាស់ពីសក្តានុពលវិស័យកីឡាកាយសម្ព័ន្ធ ពិសេសគ្រូបង្វឹក យុវជន និងពលរដ្ឋធម្មតាក៏អាចហាត់កីឡាកាយសម្ព័ន្ធសម្រាប់សុខភាពបានដែរ ។

លោកអគ្គលេខាធិការបន្ថែមថា សិក្ខា សាលាលើកទី១ គ្រោងធ្វើនៅដើមខែមីនា នៅសាលាលេខ៥ ខេត្តកំពង់ឆ្នាំង ដើម្បីផ្តល់ ចំណេះដឹងដល់គ្រូថ្នាក់មូលដ្ឋានទាំងអស់ អំពីអ្វីទៅដែលជាមូលដ្ឋានគ្រឹះនៃជំនាញ កីឡាកាយសម្ព័ន្ធរួមនឹងកម្រិតបច្ចេកទេសនានាសម្រាប់បង្ហាត់ដល់កីឡាករកីឡាការិនីថ្នាលនៅថ្នាក់មូលដ្ឋាននៃខេត្តកំពង់ឆ្នាំងដើម្បីបង្កើនគុណផលនាថ្ងៃអនាគត។ សិក្ខាសាលានេះអាចនឹងមានអ្នកពាក់ព័ន្ធ ប្រមាណ៣០នាក់មកពីខេត្តក្រចេះ, កំពង់ ចាម, តាកែវ និងបណ្តាក្លិបមួយចំនួននៅ រាជធានីភ្នំពេញចូលរួមផងដែរ ។

លោក ណយ ផានណា បញ្ជាក់ថា “ខ្ញុំ គិតថាសិក្ខាសាលានេះវាមានសារសំខាន់ណាស់សម្រាប់វគ្គដំបូងបន្ទាប់មកយើងរៀបចំវគ្គបច្ចេកទេស និងបញ្ជ្រាបការយល់ដឹងនៅដំណាក់កាលទី១ ទី២ និងទី៣រួចហើយយើងនឹងរៀបចំវគ្គបច្ចេកទេសតែម្តងដែលមានរយៈពេលជាង១សប្តាហ៍ឬច្រើនជាង១០ថ្ងៃកាន់តែប្រសើរ” ៕ សារីម

...

sarim (2) sarim (1) sarim (4) sarim (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print