ជាមួយនឹងសំឡេងគាំទ្រ៩៤៩ និង ប្រឆាំង១២២ កាលពីថ្ងៃទី៨ ខែកុម្ភៈ សភាអង់គ្លេសបានសម្រេចគាំទ្រច្បាប់អនុញ្ញាតឲ្យនាយករដ្ឋមន្ត្រី Theresa May ចាប់ផ្តើមដំណើរការដកអង់គ្លេសចេញពីសហគមន៍អឺរ៉ុប។
លទ្ធផលខាងលើបានបញ្ចប់វិវាទជាច្រើនថ្ងៃនៅក្នុងសភា។ កន្លងមកតំណាង រាស្ត្រជាច្រើន បានគំាទ្រអង់គ្លេសឲ្យបន្តនៅជាសមាជិកអឺរ៉ុប ប៉ុន្តែមានតំណាងរាស្ត្រភាគច្រើនបានគាំទ្រទៅលើគម្រោងរបស់នាយករដ្ឋមន្ត្រីចាប់ផ្តើមពិភាក្សា Brexit នៅមុនថ្ងៃទី៣១ ខែមីនា។
ពាក់ព័ន្ធនឹង Brexit កាលពីថ្ងៃទី៧ ខែ កុម្ភៈ តំណាងរាស្ត្រតំបន់ Scotland ស្ថិតនៅចក្រភពអង់គ្លេសបានធ្វើការបោះឆ្នោត ដោយក្នុងនោះមានសំឡេងគាំទ្រដល់ទៅ ៩០ ទល់នឹង៣០ ស្នើឲ្យសភាអង់គ្លេស ផ្អាកសកម្មភាពចាកចេញពីអឺរ៉ុប។
កន្លងមកពលរដ្ឋស្កុតឡេនបានប្រកាសថានឹងបោះឆ្នោតប្រជាមតិចាកចេញពីប្រទេស អង់គ្លេស ហើយបន្តចូលជាសមាជិក សហគមន៍អឺរ៉ុប។
នៅពេលនេះរដ្ឋាភិបាលអង់គ្លេសអស់មានរនាំងបាំងនៅក្រោយភ្លើងខៀវរបស់ រដ្ឋសភាដែលធ្លាប់បានដាក់ពាក្យទៅតុលាការកំពូលទាមទារឲ្យលោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេសត្រូវតែពិភាក្សាសុំការអនុញ្ញាតិ ពីសភាមុននឹងបើកការចរចាលែងលះជា មួយសហភាពអឺរ៉ុប។
លោកស្រីនាយករដ្ឋមន្រ្តី តេរ៉េហ្សា មេ ដែលធ្លាប់រឹងរូសមិនចង់ឆ្លងកាត់សភាសុខចិត្តធ្វើតាមការសម្រេចរបស់តុលាការ កំពូល និងបានសន្យាផងដែរបោះពុម្ព សៀវភៅ ស នៅថ្ងៃព្រហស្បតិ៍នេះ។ តាមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស សៀវភៅស ដែលគេកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសានឹងរៀបរាប់ពីផែនការយុទ្ធសាស្រ្តសំខាន់ៗ ដែលរដ្ឋាភិបាលនឹងប្រើសម្រាប់ចរចាជាមួយសហភាពអឺរ៉ុប។
សៀវភៅរបស់រដ្ឋាភិបាលនឹងមាននិយាយផង ដែរពីការចាកចេញរបស់អង់គ្លេសពីទីផ្សារតែមួយរបស់អឺរ៉ុប៕
ប្រែសម្រួល៖ ម៉ែវ សាធី