ប្រព័ន្ធផ្សព្វផ្សាយរបស់ចិននៅថ្ងៃទី១០ ខែតុលា បានផ្សាយថាមន្ត្រីជាន់ខ្ពស់នៅ ក្នុងខេត្ត Hubeiប្រទេសចិន ៦រូបរងការ ដាក់ទណ្ឌកម្មផាកពិន័យ ដោយដេកងោក ពេលកំពុងប្រជុំ។ ការដាក់ទណ្ឌកម្មខាងលើកើតឡើងក្នុងពេលដែលរូបភាពដេកត្រូវបានផ្សព្វផ្សាយនៅតាមបណ្តាញសង្គម ធ្វើឲ្យមុខមាត់ខេត្តត្រូវអាប់យសដោយសារ តែមានមន្ត្រីខ្ជិលនឹងការងារ។
ក្នុងរយៈពេល២ថ្ងៃកន្លងមក រូបភាព មន្ត្រីដេកងោក ត្រូវបានផ្សព្វផ្សាយនៅលើកាសែតចិនជាច្រើននិងនៅតាមបណ្តាញសង្គម ក្នុងពេលដែលប្រធានាធិបតីចិន លោក សុី ជីនពីង កំពុងតែអនុវត្តនគោលនយោបាយកម្ចាត់មន្ត្រីពុករលួយ មន្ត្រីខ្ជិល នឹងការងារ មិនបម្រើពលរដ្ឋ អស់ពីលទ្ធ ភាព។
គណៈកម្មាធិការត្រួពិនិត្យ និងដាក់ ទណ្ឌកម្មរបស់បក្សកុម្មុយនីស្តចិន នៅខេត្ត Hubei បានបញ្ជាក់ថា មន្ត្រីដែលដេកងោកពេលកំពុងប្រជុំនោះនឹងត្រូវទទួលទណ្ឌ កម្មពិន័យ និងធ្វើការសុំទោសចំពោះមុខ មហាជន។
នេះជាទណ្ឌកម្មស្រាលសម្រាប់មន្ត្រី ជាន់ខ្ពស់ដេកពេលប្រជុំនៅចិន។ ចំណែក នៅកូរ៉េខាងជើងវិញ មន្ត្រីដេកពេលកំពុងប្រជុំត្រូវកាត់ទោសប្រហារជីវិត ដោយសារតែសកម្មភាពមិនគោរពមេដឹកនាំ។
កាលពីឆ្នាំ២០១៦ មេដឹកនាំកូរ៉េខាង ជើងលោក គីម ជុងអ៊ុន បានកាត់ទោស ប្រហារជីវិតមន្ត្រីជាន់ខ្ពស់ពីររូបដោយ ប្រហារជីវិត នឹងកាំភ្លើងធំ ដោយចោទ ប្រកាន់មិនគោរពថ្នាក់ដឹកនាំមានសកម្ម ភាពមើលងាយ ពេលមេដឹកនាំកំពុងនិយាយ តែខ្លួនមិនគិតស្តាប់បែរជាដេកទៅវិញ។ មន្ត្រីដែលបានប្រហារជីវិតនោះមានឈ្មោះ Ri Yong Jin ជាមន្ត្រីមកពីក្រសួងអប់រំត្រូវបាញ់សម្លាប់ពីបទ ដេកងោកនៅក្នុងកិច្ច ប្រជុំដែលមានមេដឹកនាំ គីម ជុងអ៊ុន ចូល រួម។ ក្រោយពេលដេកងោកកំពុងប្រជុំ មន្ត្រីរូបនេះក៏ត្រូវបានចាប់ខ្លួនភ្លាមៗសួរ ចម្លើយដោយរកឃើញថាលោកខ្វះភាពស្មោះត្រង់នឹងមេដឹកនាំ គីម ជុងអ៊ុន។
មួយករណីទៀតលោក Hwang Min មន្ត្រីក្រសួងកសិកម្ម ក៏ត្រូវប្រហារជីវិត ក្រោយពេលលើកសំណើបង្កើនគុណភាពនៃការផលិត។ សំណើទាំងនោះគឺផ្ទុយ ពីគោលនយោបាយរបស់លោក គីម ជុងអ៊ុន៕
ប្រែសម្រួល៖ ម៉ែវ សាធី