ភ្នំពេញ៖ ទើបតែចេញចាក់បញ្ចាំងបាន២ថ្ងៃភាពយន្តខ្នាតធំរបស់ផលិតកម្មRockរងការរិះគន់ច្រើនពីសំណាក់អ្នកទស្សនា។ រិះគន់ក៏ព្រោះតែអ្នកចូលទស្សនាបានលើកឡើងថា ជាភាពយន្តដែលអន់មើលមិនកើតរហូតដល់មានការចំអកធ្ងន់ៗដល់ផលិតករផងដែរ។
ភាពយន្ត”ពូជខ្ញុំចឹងវគ្គ២” បានរៀបចំពិធីសម្ពោធចាក់បញ្ចាំងកាលពីដើមសប្តាហ៍នេះនឹងប្រកាសចាក់បញ្ចាំងក្នុងរោងភាពយន្តចាប់ពីថ្ងៃទី៩ ខែកុម្ភៈនេះ។ ចំនួនអ្នកចូលមើល២ថ្ងៃដំបូងមានចំនួនច្រើនគួរសម ប៉ុន្តែរឿងនេះក៏បានធ្វើឲ្យអ្នកចូលទស្សនាខកចិត្តមិនតិចដែរ គ្រាដែលពួកគេរិះគន់ថាជារឿងដែលមើលមិនកើត។
អ្នកទស្សនាម្នាក់បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីថ្មីៗនេះថា”យប់នេះខំនាំគ្នាទៅមើលរឿង”ពូជខ្ញុំចឹងវគ្គ២”មើលហើយចង់ខ្យល់”។ ប្រភពបន្តសួរថា “តើអ្នកនិពន្ធហ្នឹងឈ្មោះអី? ពេលថតចប់មានអង្គុយមើលអត់ហ្នឹង?” អ្នកលេងហ្វេសប៊ុករូបនេះបន្តចំអកថា”បើភាសាអ្នកស្រុកខ្ញុំគេនិយាយាថា អន់ម៉ែអាអន់ហើយតែងមិនស្មើនឹងក្មេងតែងផង”។
នៅមិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយទេពីសំណាក់ផលិតករ និងអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មនេះ។
ទោះជាយ៉ាងណានេះក៏មិនមែនជាលើកដំបូងដែរដែលផលិតកម្មRock រងការររិះគន់ធ្ងន់ៗពីអ្នកទស្សនាជុំវិញការផលិតភាពយន្តមួយចំនួនដែលផលិតឡើងមិនមានបច្ចេកទេស ខ្លឹមសារ និងអត្ថន័យ ពោលគឺគុណភាពរឿងនៅមានកម្រិត។
ទស្សនិកជនក៏សំណូមពរឲ្យផលិតករភាពយន្តខ្មែរបន្តធ្វើការប្រុងប្រយ័ត្ន និងព្យាយាមខ្ពស់ក្នុងការផលិតភាពយន្តខ្មែរឲ្យមានគុណភាពប្រកួតប្រជែងទាំងក្នុងនិងក្រៅស្រុក ព្រោះតែភាពយន្តមានគុណភាពស្តង់ដាររបស់បរទេសកំពុងវាយលុកខ្លាំងនៅទីផ្សារក្នុងស្រុក។ ភាពយន្តដែលខ្វះគុណភាពក៏នឹងអាចទាញទម្លាក់ភាពយន្តខ្មែរទាំងមូលឲ្យចុះខ្សោយបាននោះដែរ។
គួរបញ្ជាក់ដែរថាខ្សែភាពយន្តរឿង “ពូជខ្ញុំចឹងវគ្គ២” របស់ផលិតកម្មរ៉ក់ ដែលលើកឡើងថា ជាភាពយន្តដែលខិតខំសម្រឹតសម្រាំងនិងមានសាច់រឿងល្អកំប្លែង សើចសប្បាយ តាំងពីដើមដល់ចប់ និពន្ធឡើងដោយលោក យឹម សុត្យា និងដឹកនាំរឿងដោយលោក លីម៉េង ។ រឿងនេះមានការចូលរួម សម្តែងពីតារាល្បីៗដូចជា៖ នាយគ្រឿន , នាយក្រូច, នាយចឺម, នាងអ៊ីត, កញ្ញា បេប៊ី, អ្នកនាង អឿន ស្រីមុំ, លោក BIG , លោក ម៉ារ៉ា ប៊ុណ្ណា និងតារាសម្តែងប្រុសស្រី ល្បីឈ្មោះជាច្រើនដួងទៀត៕ វឌ្ឍនា