ខេត្តកណ្តាល៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់បាត់បង់ជីវិត ម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ២១B កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខយានដ្ឋានជួសជុលរថយន្តយីហោ “ជាមម៉េងឈាង៥” ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់-ក្រុងតាខ្មៅ ។
មន្ត្រីនគរបាលចរាចរក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះ ទី១-ឈ្មោះ នុប រ៉ាវី ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AP-0242 ។ ម្នាក់ទៀតឈ្មោះ ផាត់ សារ៉ន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GB-1328 និងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ឈ្មោះ សៅ កុសល់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅជាមួយអ្នកបើកបរម៉ូតូ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់បានបើកបរតាមបណ្តោយផ្លូវជាតិលេខ២១B ក្នុងទិសដៅពីត្បូងទៅជើង(ពីស្រុកស្អាងឆ្ពោះទៅក្រុងតាខ្មៅ) លុះបើកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូស្មាស់បានកាច់ចង្កូតទៅឆ្វេងដៃគេចជង្ហុក បណ្តាលឲ្យបុកគ្នាពេញមួយទំហឹងជាមួយម៉ូតូហុងដាឌ្រីមដែលបើកបរច្រាស់ទិសគ្នា ធ្វើឲ្យអ្នកបើកបរម៉ូតូទាំង២គ្រឿងស្លាប់បាត់បង់ជីវិត រីឯអ្នករួមដំណើរជាមួយម៉ូតូហុងដាឌ្រីមរងរបួសធ្ងន់ ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរធ្វើការវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមច្បាប់។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅលំនៅឋានរៀងៗខ្លួន ។
មន្ត្រីនគរបាលចរាចរក្រុងតាខ្មៅបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីភាគីម៉ូតូស៊ុយហ្ស៊ូគីស្មាស់បើកបរម៉ូតូមិនប្រកាន់ស្តាំ បើកចូលចំណែកផ្លូវម៉ូតូហុងដាឌ្រីមទើបបណ្តាលឲ្យបុកគ្នាយ៉ាងដូច្នេះ ៕ ស្អាងជ័យ