ខេត្តស្ទឹងត្រែង ៖ ស្រុកសៀមប៉ាងនរណាមិនស្គាល់ «ចែយូវី» មេឈ្មួញឈើប្រណីតដ៏ល្បាញល្បី ប្រវត្តិគាត់មិន មានសមត្ថកិច្ចណាហ៊ានបង្ក្រាបមុខរបររកស៊ីរបស់គាត់ទេ ដោយគេសង្ស័យថាសមត្ថកិច្ចជំនាញទាំងនោះប្រាកដ ជាត្រូវថ្នាំសណ្តំ ។ ថ្មីៗនេះគាត់បានបង្ហាញឲ្យឃើញពីភាពអំនួត «ចែយូវី» លើកឡើងថា «បានរត់ការជាមួយ សមត្ថកិច្ចជំនាញគ្រប់ស្ថាប័នរួចអស់ហើយ» ខណៈមានសេចក្តីរាយការណ៍ឲ្យដឹងថា គាត់បាននឹងកំពុងដឹក ជញ្ជូនឈើតាមទូក ពីខេត្តមួយឆ្ពោះបន្តទៅខេត្តមួយទៀត ដូចហែរកឋិន ។
មេឈ្មួញឈើប្រណីតប្រចាំស្រុកសៀមប៉ាង «ចែយូវី» ជាទម្លាប់គាត់ចេញឈើពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទៅស្រុកវ៉ើនសៃ ឆ្ពោះទៅកាន់ខេត្តរតនគិរី និងបន្តទៅកាន់វៀតណាម ។
ជាក់ស្តែងសកម្មភាពដឹកជញ្ជូនឈើនេះ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង២២និង២០នាទីយប់ ក្រុមស្រាវជ្រាវព័ត៌មាន ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ គោលដៅខេត្តស្ទឹងត្រែង សហការ ជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសៀមប៉ាង បានធ្វើការស្រាវជ្រាវ ហើយចុះចាប់ឈើ ដែលឈ្មួញកំពុងធ្វើការ លើកឡើងចេញពីទន្លេ ដោយប្រើម៉ាស៊ីនសម្រាប់អូស និងត្រៀមលើកដាក់រថយន្តប៉ាកុង ដើម្បីដឹកចេញទៅលក់ នៅប្រទេសវៀតណាម តាមច្រកវ៉ើនសៃ នៅចំណុចមាត់ទន្លេត្រើយខាងកើត ស្ថិតក្នុងភូមិផាបាំង ឃុំថ្មរកែវ ស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង ។ ខណៈកម្លាំងមកដល់ជនល្មើសបានរត់គេចខ្លួនបាត់ ។ ជាលទ្ធផលកម្លាំងបាន រកឃើញ និងចាប់យកឈើជ្រុងប្រភេទធ្នង់ចំនួន១៣៣ដុំ និងម៉ាស៊ីនសម្រាប់អូសឈើឡើងពីទឹកចំនួន១គ្រឿង ស្មើនិង៩,៩៦៨ម៉ែត្រត្រីគុណ ។
បច្ចុប្បន្នឈើ និងវត្ថុតាងបានរក្សារទុកនៅកន្លែងរដ្ឋបាលព្រៃឈើផ្នែកសៀមប៉ាង ដើម្បីកសាងសំណុំរឿងបញ្ចូន ទៅតុលាការចាត់ការបន្តតាមនីតិវិធី ។
ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋស្រុកស្រុកសៀមប៉ាង និងស្រុកវ៉ើនសៃ ខេត្តរតនគិរី បានស្នើដល់អាជ្ញាធរ ខេត្ត គប្បីយកចិត្តទុកដាក់លើការត្រួតពិនិត្យបទល្មើសព្រៃឈើផង ពិសេសត្រូវសហការជាមួយកងកម្លាំងប្រដាប់ អាវុធ ៕ សុខខេមរា