ខេត្តកណ្តាល៖ ជនសង្ស័យជាអ្នកប្រើប្រាស់គ្រឿងញៀន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹង បង្រ្កាបចាប់ខ្លួន និងបន្តឆែកឆេរលំនៅឋានជនជួញដូរគ្រឿងញៀនម្នាក់ទៀត ដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួន កាលពីវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្បាលសេះ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ។
មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យប្រើប្រាស់គ្រឿងញៀនដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ ស្រស់ ផាន្នី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុការ មានទីលំនៅភូមិក្រាំធ្មៃ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ទី២-ឈ្មោះ រីម គង្គា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សាដែក មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ទី៣-ឈ្មោះ ជ ដានិត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សាដែក មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ។
ប្រភពដដែលបានបន្តថា ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យទាំង៣នាក់ និងឆែកឆេរលំនៅឋានជនសង្ស័យជួញដូរគ្រឿងញៀនឈ្មោះពន្លក សមត្ថកិច្ចបានធ្វើការដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១កញ្ចប់ ,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១ ,សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍ចេញល្បាតក្នុងភូមិសាស្ត្រ ឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះរួមជាមួយថ្នាំញៀនចំនួន០១កញ្ចប់ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ ។ បន្ទាប់ពីសាកសួរជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចបានឈានសុំបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងការសម្របសម្រួលនីតិវិធីច្បាប់ពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះទៅចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនឈ្មោះពន្លក តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ខាងលើនេះ តែពេលសមត្ថកិច្ចទៅដល់ជនសង្ស័យបានគេចខ្លួនបាត់ទៅហើយ ។
សមត្ថកិច្ចបានត្រឹមតែធ្វើការឆែកឆេរលំនៅឋានជនសង្ស័យឈ្មោះពន្លក ដកហូតវត្ថុតាងរួមមាន៖ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១ ,សម្ភារវេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ