ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅទីស្តីការក្រសួង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម បានអនុញ្ញាតឱ្យលោក Philippe STEINMETZ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំ ប្រទេសកម្ពុជា និងលោកស្រី Alexia HOFMANN និងនាយកគ្រប់គ្រងគម្រោង AFD ប្រចាំទីក្រុងប៉ារីស ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ ។
លោក Philippe STEINMETZ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោក រដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រុមការងារ របស់លោក ជួបប្រជុំនាពេលនេះ ។ លោក Philippe បន្តថា ក្នុងពេលកន្លងមក AFD បានផ្តល់នូវហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន២៤លានអឺរ៉ូ ដើម្បី អនុវត្តនូវគម្រោងទឹក និងកសិកម្ម (Water and Agriculture Sector Project) ។ ហិរញ្ញប្បទានទាំងនេះ ត្រូវបានយកទៅ អនុវត្តទៅលើការស្តារព្រែកប្រព័ន្ធធារា សាស្ត្រ ការរៀបចំសហគមន៍កសិករប្រើ ប្រាស់ទឹក ការរៀបចំបញ្ជីសារពើភ័ណ្ឌប្រព័ន្ធ ធារាសាស្ត្រ… ។ មកដល់ពេលនេះ គម្រោង ការងារខាងលើត្រូវបានអនុវត្តស្ទើរនឹងចប់ ១០០ភាគរយអស់ហើយ ។ លោក Philippe បន្តថា បេសកកម្មរបស់លោកស្រី Alexia HOFMANN នៅកម្ពុជានាពេលនេះ គឺ ដើម្បីពិនិត្យ និងវាយតម្លៃទៅលើលទ្ធផល ការងារ ក៏ដូចជាសក្តានុពលរបស់គម្រោង ដែលបានអនុវត្តកន្លងមក ។
លោករដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវ ក្នុងនាមថ្នាក់ដឹកនាំក្រសួងធនធានទឹក និង ឧតុនិយម និងបងប្អូនប្រជាកសិករ លោក សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ AFD ដែលបានផ្តល់ហិរញ្ញប្បទានសម្រាប់ការស្តារឡើងវិញ នូវព្រែក និងប្រព័ន្ធធារាសាស្ត្រមួយចំនួនដែលតាមរយៈជំនួយទាំងនេះបានបង្កលក្ខណៈឱ្យក្រសួងធនធានទឹក និងឧតុនិយមអាចដោះ ស្រាយនូវទឹកជូនដល់បងប្អូនប្រជាកសិករទាំងក្នុងការស្រោចស្រព ក៏ដូចជាការប្រើប្រាស់ក្នុង ជីវភាពរស់នៅប្រចាំថ្ងៃ ។
លោករដ្ឋមន្ត្រី បានលើកសំណូមពរដល់ AFD ឱ្យបន្តផ្តល់ហិរញ្ញប្បទានសម្រាប់ការអនុវត្តគម្រោង Water and Agriculture Sector Project បន្ថែមទៀត ។
លោកស្រី Alexia HOFMANN បាន ជម្រាបជូនលោករដ្ឋមន្ត្រីថា ក្នុងបេសកកម្មរបស់លោកស្រីមកកាន់កម្ពុជាដើម្បីពិនិត្យ និងវាយតម្លៃលើការអនុវត្តគម្រោងនាពេលនេះ លោកស្រី ពិតជាមានការ សប្បាយចិត្ត ដោយពិនិត្យឃើញថាអ្វីដែលក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្តកន្លងមកបាននិងកំពុងផ្តល់ផលប្រយោជន៍ជាបណ្តើរៗដល់ប្រជាកសិករ បើទោះបីជាគម្រោងទាំង នោះពុំទាន់បានអនុវត្តរួចរាល់ជាស្ថាពរក្តី ។
លោកស្រីបន្ថែមថា ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុទឹក គឺជាបញ្ហាប្រឈមមួយដែលត្រូវទាមទារនូវការដោះស្រាយជាអាទិភាព ។
ក្នុងន័យនេះ AFD បាន និងកំពុងរៀបចំផែនការផ្តល់ហិរញ្ញប្បទានបន្ថែមដល់ ក្រសួងធនធានទឹក និងឧតុនិយម ដើម្បី បន្តអនុវត្តគម្រោង Water and Agriculture Sector Project ជំហានទី២បន្ថែមទៀត លើទំហំទឹកប្រាក់២០០លានអឺរ៉ូ ក្នុងរយៈ ពេល៨ឆ្នាំ ដោយចែកចេញជា៤ ដំណាក់ កាល ពោលគឺ៥០លានឣឺរ៉ូ ក្នុងរយៈពេល ២ឆ្នាំ ៕ ហេង សូរិយា