ប្រទេសថៃ ៖ យោងតាមសារព័ត៌មាន ក្នុងប្រទេសថៃដែលត្រូវបានគេហទំព័រអគ្គស្នងការនគរបាលជាតិបានដកស្រង់យកមកផ្សាយឲ្យដឹងថា ស្ត្រីជនជាតិខ្មែរ២នាក់បានស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុតនៅក្នុងថ្លុកឈាមនៅក្នុងខេត្តច័ន្ទបុរី ប្រទេស ថៃក្រោមផ្លែកាំបិតដ៏មុតស្រួចរបស់ឃាតកម្នាក់ដែលជាជនជាតិខ្មែរដូចគ្នា។ រហូតមកទល់នឹងពេលនេះនៅមិនទាន់ដឹងអំពីមូលហេតុនៅឡើយ ។
កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែមានករណីឃាតកម្មយ៉ាងសាហាវជាទីបំផុត នៅត្រង់ចំណុចក្បែរស្ថានីយតម្រួតការពារព្រំដែនលេខ១១៥ ក្នុងស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី ប្រទេសថៃ ទល់មុខនឹងស្រុក កំរៀង ខេត្តបាត់ដំបង ។
ប្រភពដដែលបានបន្តថា ក្រោយពេល កើតហេតុនិងបន្ទាប់ពីមានការភ្ញាក់ផ្អើលនេះរួចមកជនសង្ស័យដែលជាមនុស្ស ប្រុស និងជាជនជាតិខ្មែរបានរត់គេចខ្លួន ចូលក្នុងព្រៃតាមខ្សែបន្ទាត់ព្រំដែនបាត់ ស្រមោល។ ចំណែកនៅត្រង់ទីតាំងកើតហេតុគេសង្កេតឃើញមានសពស្ត្រី២នាក់បានដេកស្លាប់ក្នុងថ្លុកឈាមដោយស្នាមផ្លែកាំបិតជាច្រើនកន្លែងនៅលើរាងកាយ។
ភ្លាមៗនោះដែរបន្ទាប់ពីទទួលបានព័ត៌ មាននេះក្រុមតម្រួតការពារព្រំដែនបាន ចេញប្រតិបត្តិការដើម្បីតាមប្រមាញ់ទៅលើជនសង្ស័យក្នុងភូមិសាស្ត្រខាងលើ រហូតចាប់ខ្លួនបាន ព្រមទាំងបានប្រគល់ទៅឲ្យកម្លាំងជំនាញស្រុកពោងណាំរ៉ន ខេត្ត ច័ន្ទបុរីក្នុងការនាំខ្លួនយកទៅសាកសួរអំពីដំណើររឿង និងមូលហេតុដែលឈានដល់ការចាក់សម្លាប់គ្នាបែបនេះ។ បច្ចុប្បន្នយើង នៅមិនទាន់ទទួលបានចម្លើយសារភាពអំពីអត្តសញ្ញាណនិងមូលហេតុនោះនៅឡើយទេ ៕ ហេង សូរិយា