ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់ ក៏មានមនុស្សរបួសធ្ងន់ម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបើកលឿនដូចហោះ រេចង្កូតបើកទៅបុកដើមដង្កោពេញទំហឹង ទៅមុខលែងរួច នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើផ្លូវលំឈើទទឹង ចម្ងាយពីភូមិបែកចាន ប្រហែល៤.០០០ម៉ែត្រ ស្ថិតក្នុងភូមិបែកចាន ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ជ័យ សុកា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេកបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តម៉ាកកាមរីហើម ពណ៌ខ្មៅ ស៊េរី១៩៩៥ ពាក់ស្លាកលេខ ភ្នំពេញ 2G-1183 បើកដោយ ឈ្មោះ ម៉ួង ណាក់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិបែកចាន ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បើកបពីកើតទៅលិចក្នុងល្បឿនលឿន ហួសកំណត់ លុះបើកមកដល់ចំណុចកើតហេតុ ក៏រេចង្កូតជ្រុលទៅបុកនឹងដើមដង្កោ បណ្ដាលឲ្យអ្នកបើកកៀបនឹងរថយន្តរងរបួសធ្ងន់ ។
លោកវរសេនីយ៍ទោ ជ័យ សុកា បានឲ្យដឹងទៀតថា ក្រោយពីកើតហេតុរួច ជនរងគ្រោះត្រូវបានគាស់ចេ ញពីរថយន្តរួចដឹកយកទៅសង្គ្រោះសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន ស្រុកមង្គលបូរីភ្លាមៗផងដែរ ចំណែករថយន្តត្រូវបានសមត្ថកិច្ចឲ្យម្ចាស់ស្ទូចយកទៅជួសជុលខ្លួនឯង ដើម្បីបញ្ចប់រឿងតែម្តង៕ វណ្ណ