ជើងខ្លាំង២រូបរបស់អង់គ្លេសគឺបិសាចក្រហមManchester United និងមាន់ខ្នាយ មាស Tottenham បានឆ្លងទៅវគ្គ៨ក្រុម ចុងក្រោយនៃកម្មវិធីអង់គ្លេស FA Cup បន្ទាប់ពីទទួលបានជ័យជម្នះនៅក្រៅទឹកដីរៀងៗខ្លួនរួចមក។
Man Unitedបានធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុមកុលាបក្រហម Blackburn ដោយ ម្ចាស់ផ្ទះបាននាំមុខមុននៅនាទីទី១ដោយ កីឡាករ Danny Graham ប៉ុន្តែខ្សែប្រយុទ្ធ វ័យក្មេងសញ្ជាតិអង់គ្លេស Marcus Rashford បានរកគ្រាប់បាល់តាមស្មើវិញនៅនាទីទី២៧ហើយចប់តង់ទី១ក្រុមទាំងពីរមានលទ្ធ ផលស្មើគ្នា។
ការប្រកួតឈានចូលដល់តង់ទី២ខ្សែប្រយុទ្ធជើងចាស់សញ្ជាតិស៊ុយអែត Zlatan Ibrahimovic ត្រូវបានប្តូរចូលនិងស៊ុតបាល់ បញ្ចូលទីនៅនាទីទី៧៥។ ជ័យជម្នះ2-1 នេះ ធ្វើឲ្យក្រុមបិសាចក្រហមឡើងទៅប៉ះនឹងក្រុមខ្លាំងតោខៀវ Chelsea ដែលកំពុងតែស្រេកឃ្លានក្នុងការលើកពានអង់គ្លេស Premier League។
លោកJose Mourinho អ្នកចាត់ការ ទូទៅរបស់ក្រុម Manchester United បានលើកឡើងថាក្រុមបិសាចក្រហម របស់លោក អាចនឹងចាញ់ប្រៀប Chelsea ក្នុងការប្រកួត FA Cup វគ្គ៨ក្រុមចុងក្រោយ នាខែមិនាខាងមុខ ព្រោះ Man Utd មាន កម្មវិធីប្រកួតក្នុងពានរង្វាន់ជាច្រើនរហូត ដល់ទៅ៤ពាន ចំណែកឯតោខៀវវិញមាន តែ FA Cup និងអង់គ្លេស Premier Leagueប៉ុណ្ណោះដែលត្រូវខ្វាយខ្វល់ច្រើន ។
រីឯការប្រកួតមួយគូទៀតក្រុមមាន់ខ្នាយមាស Tottenhamបានយកឈ្នះលើក្រុម Fulham 3-0 ដោយខ្សែប្រយុទ្ធ Harry Kaneគឺជាអ្នកស៊ុតបាល់បញ្ចូលទីទាំង៣គ្រាប់នោះ ៕ ដេវីត