ខេត្តកំពង់ធំ ៖ ជនសង្ស័យ៨នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ធំ សហការជាមួយនគរបាលក្រុងស្ទឹងសែន ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត បន្ទាប់ពីបានធ្វើសកម្មភាពប្រើ ប្រាស់និងចែកចាយគ្រឿងញៀនកាលរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភូមិសាស្ត្រ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់នេះត្រូវបានធ្វើការបង្ក្រាបនៅចំណុចគោលដៅ២ កន្លែង ទី១-បង្ក្រាប ៦នាក់ នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ក្រុងស្ទឹងសែន និងជនសង្ស័យ២នាក់ទៀត នគរបាលក្រុងបានចាប់ឃាត់ខ្លួននៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់មកក៏បញ្ជូនយកទៅសាកសួររួមគ្នា នៅ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត។
លោកវរសេនីយ៍ទោ ងួន ហៀង ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានបញ្ចាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប៨នាក់ និងម្ស៉ៅក្រាមសថ្លា ជាសារធាតុគ្រឿងញៀនចំនួន៥កញ្ចប់និងទូរស័ព្ទ ៣គ្រឿងព្រមទាំងវត្ថុតាង វេចខ្ចប់១ចំនួនទៀត ទី១-ឈ្មោះហេង សុខមាន ភេទប្រុស អាយុ២០ឆ្នាំ ទី២-ឈ្មោះក្រុចប៉ាវ ភេទប្រុស អាយុ២៣ឆ្នាំ ទី៣-ឈ្មោះគា ចិត្រា ភេទប្រុសអាយុ២០ ទី៤-ឈ្មោះ ឈឿនចិន ភេទប្រុសអាយុ២៣ឆ្នាំ ក្នុងនោះមុខសញ្ញាចែកចាយ មាន៤នាក់និងប្រើប្រាស់៤នាក់ ។ ជនសង្ស័យទាំងអស់រស់នៅក្នុងទីរួមខេត្តកំពង់ធំ ក្រោយពីសមត្ថកិច្ចសួរនាំជន សង្ស័យទាំង៤នាក់បានប្រាប់សមត្ថកិច្ចថាពួកគេបានចែកចាយមែន ចំណែកជនសង្ស័យ៤នាក់ទៀតគឺជាអ្នកប្រើប្រាស់ ។
បន្ទាប់ពីសួរនាំជនសង្ស័យទាំង៨នាក់នេះរួចត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២២នេះ ៕ ប៊ុន រិទ្ធី