ពលរដ្ឋខ្មែរប្រកបមុខរបរនាំត្រីចូលប្រទេសថៃយករទេះបិទច្រកអន្តរជាតិប៉ោយប៉ែត តវ៉ាគយថៃទារប្រាក់ច្រើនពេក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរដែលប្រកបមុខរបរនាំត្រី ពីប្រទេសកម្ពុជាចូលទៅប្រទេសថៃ មានគ្នាប្រហែល៣០ទៅ៥០នាក់និង រទេះដឹកត្រី២០ទៅ៣០គ្រឿង នាំគ្នាយករទេះដឹកផ្ទុកត្រី បិទ ច្រកអន្តរជាតិប៉ោយប៉ែត មិនឱ្យរថយន្តតូច ធំដឹកទំនិញឆ្លងកាត់បានឡើយ ដែលជាហេតុនាំឱ្យមានការកកស្ទះចរាចរណ៍នៅខាងមុខច្រកអន្តរជាតិប៉ោយប៉ែតយ៉ាងណែនតាន់តាប់ ។

ការតវ៉ាបិទច្រកអន្តរជាតិពីសំណាក់ពលរដ្ឋខ្មែរទាំងនោះ ដោយសារតែគយថៃ បានតម្រូវឱ្យពលរដ្ឋខ្មែរដែលរកស៊ីនាំត្រីចូលប្រទេសថៃ បង់ប្រាក់ឡើងថ្លៃខ្ពស់ពេក ខុសពីសព្វមួយដង ធ្វើពួកគាត់មិនអាចរត់រួច ក៏នាំគ្នាសម្រេចចិត្ត តវ៉ានឹងគយថៃយករទេះបិទច្រកអន្តរជាតិតែម្តង នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។

លោក វួច អូន ប្រធានគណៈកម្មការច្រកអន្តរជាតិប៉ោយប៉ែតប្រាប់ឱ្យដឹងថា ការតវ៉ាចាប់ផ្តើមនៅវេលាម៉ោង៧ព្រឹក រហូតដល់ម៉ោង១០ព្រឹក ថ្ងៃដដែលមិនទាន់មានការសម្របសម្រួលរវាងគយថៃ និងពលរដ្ឋខ្មែរប្រកបមុខរបរធ្វើជំនួញត្រីនៅឡើយនោះទេ។ ទោះបីសមត្ថកិច្ចកម្ពុជា ប្រចាំច្រកអន្តរជាតិប៉ោយប៉ែតចេញទៅជួយអន្តរាគមន៍សម្របសម្រួលយ៉ាងណាក៏ដោយ មិនទាន់មានការស្រុះស្រួលនៅឡើយនោះទេ ។

លោកប្រាប់ឱ្យដឹងទៀតថា៖ មូលហេតុនៃការទាមទារតវ៉ា គឺកន្លងមកគយថៃធ្លាប់តែយកត្រី១រទេះតម្លៃតែ៣០០ ទៅ៤០០បាតប៉ុណ្ណោះពីពលរដ្ឋខ្មែរទាំងនោះ ។ លុះនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ មិនដឹងគយថៃ គេមានផែនការបែបណានោះទេ បានតំឡើងថ្លៃយក១រទេះដឹកត្រី១៥០០បាត ខុសថ្លៃគ្នាច្រើនពេក ទើបពលរដ្ឋខ្មែរមានការផ្ទុះការតវ៉ាតែម្តង។

លោកប្រាប់ឱ្យដឹងទៀតថា នៅពេលនេះសមត្ថកិច្ចថៃ និងកម្ពុជា ប្រចាំច្រកអន្តរជាតិ ប៉ោយប៉ែតកំពុងតែសម្របសម្រួលដើម្បីរកវិធីដោះស្រាយបញ្ហា ៕ សំ វិច្ឆិកា

...

btm (1) btm (6) btm (7) btm (5) btm (2) btm (4) btm (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print