មួយគ្រួសារសមាជិក៥នាក់ រស់នៅលើផ្ទះទំនាស់ជាង៣០ឆ្នាំ សុំដោះស្រាយគោលនយោបាយមនុស្សធម៌ ក្រោយចាញ់ក្តី

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ ដែលរស់នៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប និង ប្តី ព្រមទាំងកូនបីនាក់ទៀត បានដាក់សំណើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីសុំអន្តរាគមន៍ ដោះស្រាយគោលនយោបាយមនុស្សធម៌ ។

ការស្នើសុំនេះ គឺ កើតឡើងដោយសារស្ត្រីរូបនេះ បានរស់នៅផ្ទះទំនាស់នេះមានរយៈពេលជាង ៣០ឆ្នាំមកហើយ រហូតមានប្តី និង បង្កើតកូនបានបីនាក់លើផ្ទះនេះទៀត ។ ប៉ុន្តែ ត្រូវឲ្យចុះចេញតាមអំណាចសាលដីកាស្ថាពររបស់តុលាការកំពូល ដែលសម្រេចឲ្យចាញ់ក្តីឈ្មោះ យុត ខាវ និង ប្រពន្ធឈ្មោះ សោ ប៊ុនណារី ព្រមទាំងឈ្មោះ ប្រាជ្ញ ហេង ជាម្ចាស់បំណុលនៃការអនុវត្ត បណ្តេញចេញពីផ្ទះនេះ ។

យោងតាមសំណើសុំអន្តរាគមន៍នេះ នៅថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៧ លោក អង្គ វង្សវឌ្ឈនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញលិខិតមួយ ជម្រាបមកលោកប្រធានសាលាដំបូងខេត្តសៀមរាប និង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ។

ក្នុងលិខិតនេះ បានបញ្ជាក់ថា នាង ចៅ យុគចាន់ ហៅសាម ចាន់ ត្រូវបានលោកតា ចៅ យ៉ាំង និង ប្រពន្ធឈ្មោះ យិត ឡាង យកមករស់នៅជាមួយ លើផ្ទះទំនាស់នេះ តាំងពីឆ្នាំ១៩៨៦ ។ លុះដល់ឆ្នាំ១៩៩៨ លោកតានិងលោកយាយ បានរៀបការ នាង ជាមួយនឹងប្តី ឈ្មោះ សុច ច្រឹង និងមានកូនបីនាក់ រស់នៅលើដីនិងផ្ទះទំនាស់នេះ រហូតមកដល់សព្វថ្ងៃមានរយៈពេលជាង៣០ឆ្នាំមកហើយ ។

ស្រាប់តែនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ឈ្មោះ យិត ខាវ និង ប្រពន្ធឈ្មោះ សោ ប៊ុនណារី ត្រូវជាកូនបង្កើត និង កូនប្រសារ របស់តាយាយខាងលើ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តសៀមរាប ប្តឹងសុំកាន់កាប់ និង គ្រប់គ្រងលើដីនិងផ្ទះទំនាស់ នៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ភាគីទំនាស់នេះ បានប្តឹងផ្តល់គ្នាតាំងពីសាលាដំបូងរហូតដល់តុលាការកំពូល ។ ជាចុងក្រោយ តុលាការកំពូលបានសម្រេចប្រគល់ដីនិងផ្ទះទំនាស់នេះ ប្រគល់ឲ្យឈ្មោះ យិត ខាវ និង ប្រពន្ធឈ្មោះ សោ ប៊ុនណារី ជាកាន់កាប់និងគ្រប់គ្រង តាមអំណាចសាលដីកាលេខ ១០៦ជ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ។ ចំពោះការសម្រេចនេះ ឈ្មោះ ចៅ យុតចាន់ ហៅសាម ចាន់ មិនជំទាស់នោះទេ ។ ប៉ុន្តែដោយសារតែខ្លួនរស់នៅលើដីនិងផ្ទះទំនាស់នេះ និង បានបម្រើលោកតា ចៅ យ៉ាំង និង លោកយាយ យិត ឡាង តាំងពីខ្លួនអាយុ៦ឆ្នាំ រហូតមកទល់បច្ចុប្បន្នមានរយៈពេលជាង៣០ឆ្នាំ ហើយខ្លួនក៏ពុំមានដីនិងផ្ទះ សម្រាប់រស់នៅ ក្រៅពីដីនិងផ្ទះទំនាស់ខាងលើនេះទេ ។ ដូច្នេះនាង ចៅ យុគចៅ សំណូមពរសុំឲ្យមានដំណោះស្រាយដល់ខ្លួននិងក្រុមគ្រួសារ ក្នុងគោលនយោបាយមនុស្សធម៌ ។

អាស្រ័យហេតុនេះ ក្រសួងយុត្តិធម៌ សូមចាត់បញ្ជូនពាក្យសុំអន្តរាគមន៍និងឯកសារពាក់ព័ន្ធជូនលោកប្រធានសាលាដំបូងខេត្តសៀមរាប និង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ពិនិត្យ ដោះស្រាយជាសមត្ថកិច្ច ។

ទាក់ទិននឹងបញ្ហាខាងលើនេះ នាង ចៅ យុគចាន់ បានបញ្ជាក់ក្នុងពាក្យអន្តរាគមន៍ ថា ការស្នើសុំដោះស្រាយគោលនយោបាយមនុស្សធម៌នេះ គឺ ស្របតាមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រោះបើបណ្តេញចេញពីផ្ទះនឹងធ្វើឲ្យក្រុមគ្រួសារចំនួន៥នាក់ គ្មានទីជម្រកស្នាក់អាស្រ័យទៀតទេ ហើយក៏ប៉ះពាល់ដល់ជីវភាព និង ការសិក្សារៀនសូត្ររបស់កូនៗទៀតផង ។

នាង និង ក្រុមគ្រួសារទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអង្គ វង្សវឌ្ឈនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានធ្វើឲ្យអន្តរាគមន៍ ចេញលិខិតទៅប្រធានសាលាដំបូងខេត្តសៀមរាប និង ព្រះរាជអាជ្ញា ដើម្បីពិនិត្យដោះស្រាយ គោលនយោបាយមនុស្សធម៌ តាមការស្នើសុំខាងលើនេះ ។

ទន្ទឹមនេះ នាង និង ក្រុមគ្រួសារ ក៏សំណូមពរដល់សម្តេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគន៍ដោះស្រាយគោលនយោបាយមនុស្សធម៌ តាមការស្នើសុំខាងលើដោយក្តីអនុគ្រោះ ៕ ដោយ ៖ ចេស្តា

2

1

...

3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print