ភ្នំពេញ៖មនុស្ស៥នាក់បានស្លាប់និងរងរបួសធ្ងន់ស្រាល១១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរទូទាំងប្រទេស ចំនួន៩លើកកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការនគរបាលជាតិ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ១៧គ្រឿង រួមមាន ម៉ូតូ ចំនួន១០គ្រឿង រថយន្តធុនតូច ចំនួន ៤គ្រឿង រថយន្តធុនធំ ចំនួន២គ្រឿង ថ្មើរជើងម្នាក់និងយានយន្តផ្សេងៗមួយគ្រឿង ។
យោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរផ្លូវគោក រយៈពេល ២៣ថ្ងៃ គិតចាប់ថ្ងៃទី១ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ កើតឡើង ចំនួន ២២៤លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ១០៨នាក់ រងរបួសសរុប ចំនួន ៣៣១នាក់ ក្នុងនោះរបួសធ្ងន់ ២២១នាក់ និងរងរបួសស្រាល ចំនួន ១១០ នាក់ ។
ព័ត៌មានពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុប ទូទាំងប្រទេសមាន ចំនួន ១,២០៨ គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៤៤១ គ្រឿង និងពិន័យសរុប ចំនួន ៧៦៧ គ្រឿង ៕ ដោយ៖ចេស្តា