បុណ្យល្ខោនខ្មែរ និងការប្រកួតកីឡាយុវជនដ៏ធំនឹងធ្វើឡើងឃុំវិហារសួគ៌

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏ធំគឺ «បុណ្យល្ខោនខ្មែរ និងការប្រកួតកីឡាយុវជននៅលើទឹកដីត្បូងពេជ្រវិហារសួគ៌» នឹងត្រូវធ្វើ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៧ខាងមុខ ។ ព្រឹត្តិការណ៍ធំ មិនធ្លាប់មាន ដែលមានទាំងការតាំងពិព័រណ៍ប្រគំតន្ត្រី ប្រកួតសិល្បៈ និងលេងកីឡាជាច្រើនប្រភេទ ។

ការបញ្ជាក់ពីព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធីសន្និសិតមួយកាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ នាបរិវេណភោជនីយដ្ឋានJet Star ក្រោមវត្តមានម្ចាស់ឧបត្ថម្ភកម្មវិធី ផលិតករ មន្ត្រីក្រសួងអប់រំយុវជន និងកីឡា មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បករ និងសិល្បករជាច្រើនរូបទៀត ។

លោកឧកញ៉ាស្រី ចាន់ថន ដែលជាអ្នករៀបចំកម្មវិធីបុណ្យនេះ បានមានប្រសាសន៍ថា កម្មវិធីបុណ្យនឹងប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ទី១១ និងទី១២ ខែមីនា ឆ្នាំ២០១៧ ខាងមុខ ដែលរូបលោកឧកញ៉ាជាអ្នកផ្តល់ទីតាំងថវិកាផ្ទាល់ ព្រមទាំងគំនិតយោបល់ក្នុងការរៀបចំ។

លោកឧកញ៉ាបញ្ជាក់ថា កម្មវិធីនេះបានធ្វើឡើងក្នុងតំបន់ស្កាយឡេន ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលនឹងត្រូវរៀបចំឡើងនូវផ្ទាំងទស្សនីយភាពជាច្រើន សម្រាប់បងប្អូនប្រជាពលរដ្ឋបានទស្សនា ក្នុងនោះផ្ទាំងទស្សនីយភាពសិល្បៈមានរៀបចំសម្តែងល្ខោនបាសាក់ ល្ខោនយីកេ និងល្ខោននិយាយជាដើម។

ក្រៅពីនេះ មានកម្មវិធីប្រគំតន្រ្តីសម័យនិងកំប្លែងជាដើមដែលមានតារាល្បីៗ ចូលរួមសម្តែងចែកជូនប្រជាពលរដ្ឋនៅទីនោះ។ ជាមួយគ្នានេះ កម្មវិធីក៏នឹងបង្កើតកម្មវិធីប្រកួតប្រភេទកីឡាជាច្រើនប្រភេទ គឺកីឡាប្រដាល់ក្បាច់គុនខ្មែរដណ្តើមខ្សែក្រវាត់ ដោយមានការគាំទ្រពីលោកតែម ម៉ឺន ប្រធានសហពន្ឋ័កីឡាប្រដាល់គុនខ្មែរ ព្រមទាំងមានការគាំទ្រចូលរួមសម្របសម្រួលរៀបចំដោយលោកគ្រូមាស សុខគ្រី និងមានកីឡាករល្បីៗចូលរួមវាយដណ្តើមខ្សែក្រវាត់។

បន្ថែមពីលើនេះ ក្រុមការងារកម្មវិធី ក៏រៀបចំជាការ ប្រណាំងក្របី ដែលមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលនៅលើទឹកដីវិហារសួគ៌ ការប្រណាំងក្របីជាប្រពៃណី និងការបោកចំបាប់ដែលជាទំនៀមទំលាប់ប្រពៃណីនៅតំបន់នេះ។ ក្រៅពីនេះ មានការប្រណាំងសេះ បង្ហោះម៉ូតូ ដើម្បីយកពានរង្វាន់ ដែលមានប្រកួតរយៈពេល៣ថ្ងៃ ក្នុងន័យឲ្យមានកម្មវិធីច្រើន។

លោក ឧកញ៉ាបញ្ជាក់ដែរថា ចំពោះកីឡាយុវជនមានដូចជាបាត់ទាត់ ការរត់ប្រណាំង ការលោតកម្ពស់ និងការហក់ប្រវែង ។ ក្រៅពីនេះ មានការបោះតង់ជំរុំដោយកំណត់ពីចំនួន១០០តង់ ទៅ២០០តង់ ដោយយើងបានបង្កើតជាក្រុមយុវជន និងយប់ឡើងបានបង្កើតកម្មវិធីពាក់ព័ន្ឋនឹងវិស័យទេសចរណ៍ ការឡើងនិយាយ ការឡើងសម្តែង និងនិយាយពីសុវត្ថិភាពចរាចរណ៍ និងបរិស្ថានជាដើម ព្រមទាំងមានការតាំងពិពណ៌មួយចំនួនទាំងខ្មែរ និងថៃ អាចទិញទំនិញនៅទីនោះ ។

លោកកែវ សាស្ត្រា ដែលជាយុវជនស្រឡាញ់វិស័យវប្បធម៌ និងជាអ្នកជួយប្រឹក្សាបង្កើតឲ្យមានកម្មវិធីនេះ បានថ្លែងដែរថា កម្មវិធីដែលយើងនឹងប្រព្រឹត្តទៅនេះ យើងរំពឹងថា ទទួលបានផ្លែផ្កាសម្រាប់សិល្បៈ វប្បធម៌យើង ហើយយុវជនខ្មែរ នឹងនាំគ្នាជ្រោងឲ្យកាន់តែច្រើនទៀត ងាកមកស្រឡាញ់មកធ្វើសិក្សាស្រាវជ្រាវអ្វីដែលទាក់ទងជាមួយវប្បធម៌ជាតិយើង។ យើងខំធ្វើទាំងអស់គ្នាដើម្បីស្នាមញញឹមរបស់បុព្វបុរសខ្មែររបស់យើង ។

លោកហួត សុខនីម ជាប្រតិបត្តិករណ៍នៃកម្មវិធីនវបានបញ្ជាក់ដែរថា នេះជាមោទនភាពមួយសម្រាប់តំបន់វិហារសួគ៌ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយឧត្តគតិក្នុងការលើកកម្ពស់វិស័យវប្បធម៌បរិស្ថានរបស់ជាតិយើង។ ជាពិសេសអ្វីដែលចាប់អារម្មណ៍យើងបានដុតដៃដុតជើងគ្នាក្នុងគោលបំណងដើម្បីតែទេសចរណ៍វប្បធម៌ខ្មែរ បរិស្ថានខ្មែរ និងតំបន់វិហារសួគ៌យើងមានវត្តវិហារសួគ៌ ដែលទាក់ទងនឹងប្រវត្តិសាស្ត្ររឿងបក្សីចាំក្រុង។ លោករំពឹងដែរថា ព្រឹត្តិការណ៍នេះ នឹងអាចទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីស្រទាប់មហាជនជាច្រើនចូលរួម ៕ វឌ្ឍនា

...

vuthy (1) vuthy (3) vuthy (5) vuthy (4) vuthy (7) vuthy (8) vuthy (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print