ប្រទេសថៃ៖ ពលករខ្មែរ២នាក់ធ្វើការងារ ជាកម្មសំណង់នៅក្នុងដ្ឋានសាងសង់ អគារជាន់ខ្ពស់មួយនៃប្រទេសថៃបានរអិលជើងធ្លាក់ពីជាន់ទី៣៩ មកក្រោមដី ព្រមគ្នា បណ្តាលឱ្យស្លាប់មួយរំពេចនៅកន្លែងកើតហេតុកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងស្រុកប៉ាង យ៉ៃ ខេត្តណុនថៈបុរី ។ នេះបើយោងតាមការដកស្រង់នៃការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានក្នុងស្រុកមួយនៅក្នុងប្រទេសថៃ ។
បើតាមប្រភពព័ត៌មានបានផ្សព្វផ្សាយឱ្យដឹងទៀតថា មូលហេតុនៃការធ្លាក់ស្លាប់ពលករខ្មែរទាំង២នាក់ មិនទាន់មានប្រភពណាមួយអះអាងជាក់លាក់ពិតប្រាកដនៅឡើយនោះទេ ។ គេមិនទាន់ដឹងថា ការស្លាប់របស់ពលករខ្មែត២នាក់នោះ ជាអំពើឃាតកម្ម ឬជាការបំពេញកិច្ចការងារធ្វេសប្រហែសរបស់ពួកគេ ។ សមត្ថកិច្ចថៃកំពុងបើកការស្រាវជ្រាវស៊ើបអង្កេតទៅលើករណីនោះហើយ ។ ការស្លាប់របស់ពលកខ្មែរទាំង២នាក់នោះ ត្រូវគេនាំគ្នានិយាយថា ស្ថិតក្នុងរឿងអាថ៌កំបាំង ជាពិសេសពលករខ្មែរដែលធ្វើការងារនៅក្នុងការដ្ឋានជាមួយជាជនរងគ្រោះបាននាំគ្នាងឿងឆ្ងល់ថា តើជនរងគ្រោះបំពេញកិច្ចការងារយ៉ាងដូចម្តេច បានជាធ្លាក់ពីលើអគារជាន់ទី៣៩ព្រមគ្នាបែបនោះ ។
បើយោងតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ពលករខ្មែរទាំង២នាក់ មុនពេលកើតហេតុកំពុងធ្វើការងារបោសសំអាតតុបតែងនៅក្នុងបន្ទប់អគារជាន់ទី៣៩ ។ អគារនោះជាសំណង់ខុនដូដែលបានចាប់ផ្តើមកសាងអស់រយៈពេលច្រើនខែមកហើយ ក្នុងនោះមានពលករខ្មែរមួយចំនួនបានកំពុងធ្វើការងារនៅទីនោះផងដែរ។ ជនរងគ្រោះដែលបាត់បង់ជីវិតត្រូវបានគេស្គាល់ឈ្មោះ១, ភឿន ស៊ិន ភេទប្រុស អាយុ២២ឆ្នាំ ២,មូល កុសល ភេទប្រុស អាយុ២២ឆ្នាំ ស្រុកកំណើតពលករខ្មែររងគ្រោះទាំង២នាក់ គេមិនទាន់ដឹងនៅទីណាច្បាស់លាស់នៅឡើយនោះទេ ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងពលករខ្មែរបំពេញកិច្ចការងារនៅក្នុងប្រទេសថៃជាពិសេស ធ្វើការងារជាកម្មករសំណង់ កន្លងមកមានពលករខ្មែរមួយចំនួន ត្រូវគេរាយការណ៍ឱ្យដឹងថា បានរងគ្រោះថ្នាក់កំពុងបំពេញកិច្ចការងារធ្លាក់ពីលើអគារថ្មបណ្តាលឱ្យស្លាប់ និងរងរបួសជាបន្តបន្ទាប់ នេះសបញ្ជាក់ឱ្យឃើញថា ការធ្វើការងារនៅក្នុងប្រទេសថៃរបស់ពលករខ្មែរត្រូវគេមើលឃើញថា មានបញ្ហាប្រឈមគ្រោះថ្នាក់ដែលគ្មានសុវត្ថិភាពនៃបំពេញកិច្ចការងារដែលគ្មានទទួលខុសត្រូវខ្ពស់ពីផ្នែកបច្ចេកទេសសុវត្ថិភាពការងាររបស់ក្រុមហ៊ុនសាងសង់នៅក្នុងប្រទេសថៃនោះ ៕ សំ វិច្ឆិកា