ខេត្តបន្ទាយមានជ័យ ៖ អាជីវករខ្មែរដែលប្រកបមុខរបរនាំត្រីយកទៅលក់នៅក្នុង ផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃឈមនិងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានគ្នាប្រហែល ៣០ទៅ៥០នាក់បានបន្តការតវ៉ាប្រឆាំង និងគយថៃយកថ្លៃពន្ធខ្ពស់ពេក ឈានដល់ ថ្ងៃទី២នោះហើយ ។ ពួកគេបានយករទេះ ដឹកត្រីប្រហែលជា៣០ទៅ៥០រទេះបិទច្រកអន្តរជាតិប៉ោយប៉ែតបង្កឱ្យកកស្ទះចរាចរណ៍ធ្វើឱ្យមានការរាំងស្ទះដល់ដំណើរដឹកជញ្ជូននៃការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ នៅ ច្រកអន្តរជាតិប៉ោយប៉ែតរយៈពេល៣ទៅ ៤ម៉ោង កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។
ការតវ៉ាបិទច្រកឈានដល់ថ្ងៃទី២ពី សំណាក់អាជីវករខ្មែរចំពោះគយថៃ ក្រោយពីគយថៃត្រូវគេមើលឃើញថានៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតែប្រកាន់គោល ជំហរយកពន្ធនាំត្រីចូលប្រទេសថៃមាន តម្លៃខ្ពស់ជាដដែលក្នុង១រទេះតម្រូវឱ្យបង់ ពន្ធតម្លៃ១៥០០បាត ។ ការយកពន្ធខ្ពស់ ខុសពីសព្វមួយដងនោះហើយទើបធ្វើឱ្យ អាជីវករខ្មែរដែលប្រកបមុខរបរនាំត្រីចូល ទៅប្រទេសថៃរត់មិនរួចក្នុងការបង់ពន្ធ ខ្ពស់ពេកនោះ ទើបធ្វើឱ្យពួកគាត់កើតទុក្ខមិនសុខចិត្តបន្តនាំគ្នាតវ៉ាឈានដល់ថ្ងៃទី២នេះតែម្តង។ការនាំត្រីចូលទៅប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែត កន្លងមក គយថៃតម្រូវឱ្យបង់ពន្ធ១រទេះពី៣០០បាត ទៅ៥០០បាតប៉ុណ្ណោះ ។
ពាក់ព័ន្ធនិងការយកថ្លៃពន្ធខ្ពស់ពេកពីសំណាក់គយថៃអនុវត្តចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះតាមសេចក្តីរាយការណ៍ពីមន្រ្តីសមត្ថកិច្ចកម្ពុជាឈរជើងនៅច្រកអន្តរជាតិប៉ោយប៉ែតប្រាប់ឱ្យដឹងថា ដោយសារប្រជាជនថៃបានប្តឹងគយថៃ ថាបានបណ្តែតបណ្តោយឱ្យប្រជាជនខ្មែរ នាំត្រីចូលក្នុងប្រទេសថៃច្រើនពេកបង្កឱ្យមានផលប៉ះពាល់នៃការប្រកបមុខរបរ របស់ប្រជាជនថៃដែលរកស៊ីធ្វើជំនួញលក់ ត្រីនេះដែរ ។
ជុំវិញនៃការតវ៉ាពីសំណាក់អាជីករខ្មែរ ខាងលើនោះដែរ គេសង្កេតឃើញថា អភិ បាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន, លោក វួច អូន ប្រធានគណៈកម្មការច្រក អន្តរជាតិប៉ោយប៉ែត លោកឧត្តមសេនីយ៍ ត្រី ស៊ឹម សំអាត នាយប៉ុស្ថិ៍នគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិប៉ោយប៉ែតបានដឹក នាំគណៈប្រតិភូមួយក្រុមចូលទៅជួបជជែក ជាមួយនិងគយថៃ នៅច្រកអន្តរជាតិខ្លងឡឹកទឹកដីថៃដើម្បីដោះស្រាយបញ្ហា។ កិច្ចប្រជុំ ក៏មានការជជែកគ្នាយ៉ាងតានតឹងធ្វើឱ្យភាគីគយថៃបានសម្រេចអនុញ្ញាតឱ្យអាជីវករ ខ្មែរនាំត្រីចូលប្រទេសថៃបង់ពន្ធថ្លៃធម្មតាពី៣០០បាតទៅ៥០០បាត ដើម្បីដោះស្រាយ បញ្ហាប្រឈមមួយគ្រាសិន រងចាំភាគីទាំង ២ជួបជជែកគ្នាដោះស្រាយបញ្ហាបន្តបន្ទាប់ក្រោយទៀត ។
ក្រោយពីមានកិច្ចប្រជុំ ដោះស្រាយសម្របសម្រួលគ្នា បែបនោះរួចហើយគេសង្កេតឃើញអាជីវករខ្មែរដែលធ្វើការតវ៉ាមានរយៈពេល៣ទៅ៤ម៉ោងនៅច្រកអន្តរជាតិប៉ោយប៉ែតនាំគ្នាសប្បាយចិត្តនិងដកថយទៅវិញ ហើយនាំត្រីចូលទៅ ប្រទេសថៃជាធម្មតា ។
លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយ ប៉ែត ប្រាប់ឱ្យដឹងថា ការដោះស្រាយបញ្ហានិងការតវ៉ារបស់ប្រជាពលរដ្ឋខ្មែរខាងលើ ភាគីគយថៃគេបានអនុញ្ញាតឱ្យអាជីវករខ្មែរនាំត្រីចូលទៅប្រទេសថៃបង់ពន្ធពី៣០០ បាតទៅ៥០០បាត ក្នុងរទេះត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខប៉ុណ្ណោះ ។ ចាប់ពីថ្ងៃទី១ ខែមីនា តទៅគេអនុវត្តនូវការ យកពន្ធខ្ពស់ជាដដែល ។
លោកបញ្ជាក់ឱ្យដឹងទៀតថាទោះបីលទ្ធផលបែបនោះយ៉ាងណាយើងខិតខំដោះស្រាយជូនដល់ប្រជាពលរដ្ឋខ្មែរជាបន្ត បន្ទាប់ទៀត ដើម្បីបញ្ចៀសបញ្ហាកកស្ទះ ចរាចរណ៍និងធ្វើឱ្យ រាំងស្ទះនៃដំណើរការ ធ្វើពាណិជ្ជកម្មនិងទេសចរណ៍នៅច្រកអន្តរជាតិប៉ោយប៉ែត ដែលបង្កឱ្យខាតបង់នៃការប្រមូលពន្ធចូលរដ្ឋធ្ងន់ធ្ងរនោះ ។
សូមបញ្ជាក់ថា នៅច្រកអន្តរជាតិប៉ោយ ប៉ែតមួយរយៈពេលចុងក្រោយនេះបានជួប បញ្ហាជាបន្តបន្ទាប់របស់អាជីវករខ្មែរនាំត្រី ចូលទៅប្រទេសថៃ និងអាជីវករខ្មែរលក់អីវ៉ាន់នៅផ្សាររុងក្លឿ ជាមួយនិងសមត្ថកិច្ចថៃ ដែលភាគីថៃតំឡើងពន្ធនៃការនាំត្រីចូលប្រទេសថៃ និងការចុះបង្រ្កាបទំនិញរបស់អាជីវករខ្មែរ នៅផ្សាររុងក្លឿ ដោយចោទ ប្រកាន់ថាលក់អីវ៉ាន់និងទំនិញរំលោភកម្ម សិទ្ធិបញ្ញា ។ បញ្ហានោះហើយបណ្តាល ស្ថានការណ៍នៅច្រកអន្តរជាតិប៉ោយប៉ែត កំពុងមានភាពតានតឹង ហើយឈានដល់ មានការតវ៉ាបិទច្រកអន្តរជាតិប៉ោយប៉ែត តែម្តង ៕ សំ វិច្ឆិកា