លំនៅឋានពលរដ្ឋ២៦ខ្នង រងការខូចខាតដោយគ្រោះធម្មជាតិនៅក្រុងសំរោង

ចែករំលែក៖

 ខេត្តឧត្តរមានជ័យ ៖ ភ្លៀងកក់ខែមួយមេធំ លាយឡំដោយមានខ្យល់កន្ទ្រាក់បក់បោកយ៉ាងខ្លាំង មកលើលំនៅឋានពលរដ្ឋបណ្តាលឱ្យ ខូចខាត២៦ខ្នង កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។ ហេតុការណ៍នេះ បានកើតឡើងលើភូមិ២ គឺភូមិពោធិវង្ស និងភូមិអូរបាត់ដាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ  ។

ប្រជាពលរដ្ឋអ្នកភូមិបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ពួកគាត់បានសង្កេតឃើញមេឃឡើងពពកខ្មៅ បានបន្តិចក្រោយមក ក៏មានទឹកភ្លៀងធ្លាក់ ពេលនោះ ក៏មានខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំងមក លើលំនៅឋានពលរដ្ឋបណ្តាលឱ្យខូចខាតជាច្រើនខ្នង ។

ក្រុមអាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងមូលរដ្ឋានបានឱ្យដឹងថា ក្រោយពីកើតហេតុដោយគ្រោះធម្មជាតិបំផ្លិចបំផ្លាញលំនៅឋានពលរដ្ឋ បានចុះទៅត្រួតពិនិត្យឃើញថា លំនៅឋានដួលរលំរងការខូចខាតទាំងស្រុងចំនួន៧ខ្នងផ្ទះ និងរងការខូចខាតប៉ើងដំបូលចំនួន១៩ខ្នង រួមទាំងសាលារៀនមួយខ្នងផងដែរ ។

ក្រុមអាជ្ញាធរមូលរដ្ឋានដដែលបានបញ្ជាក់ឲ្យដឹងថា ពលរដ្ឋដែលទទួលរងការខូចខាតដោយកើតមានគ្រោះធម្មជាតិបំផ្លាញនេះ អាជ្ញាធរបានដកស្រង់ចំនួន ហើយធ្វើរបាយការណ៍នេះទៅដល់ក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្គ្រោះនូវសំភារះប្រើប្រាស់ និងស្បៀងអាហារជាបឋមសម្រាប់ដោះស្រាយបណ្តោះអាសន្ន ៕  ប៉ែន នួន

Odor (1) Odor (2) Odor (3) Odor (4)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print