ភ្នំពេញ៖ ជំនួបប្រកួតមិត្តភាពរវាង កីឡាករ ឃន គឹមហេង មកពីក្លិបតាព្រហ្ម មានជ័យនឹងកីឡាករ ម៉ឺន ដា មកពីក្លិបខ្លា រខិនមានប្ញទ្ធិបានអង្រួនសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ធ្វើឲ្យទស្សនិកជនជក់ចិត្តយ៉ាងខ្លាំងតាមការប្រើស្នៀតវាយតបតគ្នាតាំងពីទឹកដំបូងរហូតដល់ចប់ការប្រកួតពេញ ៥ទឹកកាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៧ ។
ការប្រកួតរវាងកីឡាករទាំង២ នាក់នេះ បានធ្វើឲ្យលោកចៅក្រមដាក់ពិន្ទុទាំង៥រូប មិនអាចញែកឲ្យដាច់ថាតើកីឡាករម្នាក់ណាមានប្រៀបផ្នែកបច្ចេកទេសល្អជាងគ្នានោះទេ ។
ចំពោះសកម្មភាពប្រកួត៥ទឹករបស់កីឡាករឃន គឹមហេង និង ម៉ឺន ដា គឺផ្តើម ចេញពី ឃន គឹមហេង ជាអ្នកបើកការវាយសន្ធាប់មុនប៉ុន្តែចាប់ពីទឹកទី២ទៅ អ្នកទាំងបានព្យាយាមវាយគ្នាសងទៅវិញទៅមក រហូតធ្វើឲ្យកីឡាករ ម៉ឺន ដា មានស្នាមបែកក្រោមភ្នែកខាងឆ្វេងក្នុងទឹកទី៣ផងដែរ។ ដំណក់ឈាមរបស់ ម៉ឺន ដា ក្នុងទឹកទី៣ នោះកាន់តែដុតកំហឹងឲ្យ ម៉ឺន ដា បង្កើន ការវាយបកមួយកម្រិតថែមទៀតទៅលើ កីឡាករ ឃន គឹមហេង ។
ទីបំផត ឃន គឹមហេង និង ម៉ឺន ដា ត្រូវបានគណៈ វិនិច្ឆ័យសម្រេចឲ្យស្មើគ្នាដើម្បីទុកលទ្ធភាពឲ្យអ្នកទាំងមានឱកាសប្រកួតសងសឹកគ្នាម្តងទៀតនៅពេលសមស្របណាមួយ ។
ដោយឡែកកីឡាករ កុយ ចាន់តូ មកពី ក្លិបគីសែមានប្ញទ្ធិអាជ្ញាធរអាវុធគីមីបាន ប្រកួតឈ្នះកីឡាករ ឡាញ់ ផល្លា មកពីក្លិប អេភូថងកីឡា ខណៈដែលកីឡាករ សៀង ទិតធិ មកពីក្លិបសម្បត្តិគុនខ្មែរបានប្រកួតឈ្នះកីឡាករ ប្រាក់ ស៊ីណាត មកពីក្លិបតាឯកដំបងដែកមានប្ញទ្ធិខេត្តព្រៃវែងដោយ ពិន្ទុ ៕ សារីម