ភ្នំពេញ៖ កម្មករសំណង់មួយក្រុមមានគ្នាមិនតិចជាង១០០នាក់ដែលបម្រើការងារនៅការដ្ឋានខុនដូដ៏ស្កឹមស្កៃ៣ល្វែងធំៗបានផ្ទុះការតវ៉ាសុំឲ្យថៅកែចិនជាអ្នកម៉ៅការសាងសង់ខុនដូមួយនេះបើកប្រាក់បៀវត្សជូនពួកគាត់បន្ទាប់ពីបានធ្វើការងារជាង២ខែមកហើយមិនត្រូវបានថៅកែបើកប្រាក់ឲ្យទេនោះ។
ការតវ៉ារបស់កម្មករជាង១០០នាក់នោះបានកើតឡើងនៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅការដ្ឋានសំណង់ខុនដូមួយកន្លែងមាន៣ល្វែងធំៗ និងកម្ពស់ជាង៣០ម៉ែត្រ ស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានយីហោសាងសង់ដោយក្រុមហ៊ុន ឆាយណា ខនស្ត្រាក់សិន ហ្វ័តអេនជីនារីងដីវីសិន ខប.អិលធីឌី នៅខាងជើងអគ្គស្នងការដ្ឋាននគរបាលជាតិប្រមាណ៣០ម៉ែត្រ។
ប្រភពពីកម្មករធ្វើការនៅការដ្ឋានមួយនេះបានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុខាងលើគ្រាដែលឃើញជនជាតិចិនជាម្ចាស់ម៉ៅការសំណង់ការដ្ឋានខាងលើដែលបានជួលកម្មករឲ្យធ្វើការងារនៅទីនេះច្រើនខែមកហើយ និង រយៈពេល២ខែមកនេះមិនឃើញបើកប្រាក់ខែឲ្យពួកគាត់នៅឡើយបានចូលមកការដ្ឋាន ទើបពួកគាត់ផ្ទុះការតវ៉ាសុំឲ្យថៅកែម៉ៅការសំណង់បើកប្រាក់ជូនកម្មករឲ្យបានគ្រប់សិន បើពុំដូច្នេះទេ មិនចូលធ្វើការឡើយ។
បុរសឈ្មោះសុខ ផាន អាយុ៤២ឆ្នាំ មានទីលំនៅស្រុកល្វាឯម ខេត្តកណ្តាល ជាកម្មករជាងបៀកបានប្រាប់ឲ្យដឹងថា អស់រយៈ២ខែមកហើយដែលគាត់ធ្វើការនៅទីនេះមិនត្រូវបានអ្នកម៉ៅការបើកប្រាក់ខែឲ្យនោះទេ ដែលនេះធ្វើឲ្យរូបគាត់ក៏ដូចជាកម្មករឯទៀតគ្មានប្រាក់សម្រាប់ចំណាយទៅការហូបចុក និងបានជំពាក់លុយអ្នកលក់បាយនៅក្នុងការដ្ឋាននេះ និងចំណាយផ្សេងៗជាច្រើន។ ដូច្នេះសំណូមពរដល់អាជ្ញាធរក៏ដូចជាប្រមុខរាជរដ្ឋាភិបាលមេត្តាជួយដោះស្រាយដល់ពួកគាត់ផង ព្រោះសព្វថ្ងៃនេះជីវភាពរស់នៅពឹងលើកម្លាំងពលកម្មទាំងស្រុង ហើយជនជាតិបរទេសមិនបើកប្រាក់បៀវត្សឲ្យកម្មករខ្មែរដូច្នេះ ហាក់បីដូចជាពួកគេមើលងាយកម្មករខ្មែរខ្លាំងណាស់។
ដោយឡែកនៅព្រឹកថ្ងៃកើតហេតុនេះគេឃើញថៅកែសំណង់ជនជាតិចិន២នាក់បានចូលទៅត្រួតពិនិត្យកម្លាំងពលកម្មក្នុងការដ្ឋាន ហើយក៏ត្រូវកម្មករផ្ទុះការតវ៉ាសុំបើកប្រាក់ខែ២ខែនោះសិន ទើបបន្តការងារតទៅទៀត ប៉ុន្តែការតវ៉ានេះត្រូវមេការបរទេស២នាក់នេះមានកំហឹង បែរជាស្ទុះយកដាវសាមូរ៉ៃបម្រុងកាប់កម្មករ តែត្រូវបានកម្មកររារាំងទាន់។
យ៉ាងណាការតវ៉ារបស់ក្រុមកម្មករបានស្ងប់ទៅវិញ បន្ទាប់ពីមានការអន្តរាគមន៍ពីក្រុមសន្តិសុខ និងអាជ្ញាធរដែនដី ហើយកម្មករសុខចិត្តធ្វើការងារជាបន្តទៀត ដោយរង់ចាំដំណោះស្រាយពេលក្រោយ៕ ស រស្មី