ខេត្តបាត់ដំបង៖ កីឡាករប្រណាំងម៉ូតូ កម្រិតអាជីពទាំងថ្នាក់ជាតិ និងអន្តរជាតិ ប្រមាណ៥០នាក់បានប្រកួតប្រជែងគ្នា ក្នុងព្រឹត្តិការណ៍ Power Festival លើកទី២និងការប្រណាំងខារ៉ាខាប់២០១៧រយៈពេល២ថ្ងៃនៅលើទឹកដីខេត្តបាត់ដំបងទទួលបានការគាំទ្រពីប្រជាពលរដ្ឋគួរឲ្យមោទនភាពខ្លាំងណាស់ ។
លោក ហូ សិទ្ធគុណ គណៈកម្មការរៀបចំការប្រកួតបានឲ្យដឹងថា នេះជាជោគជ័យ ថ្មីមួយទៀតសម្រាប់សហព័ន្ធកីឡាយាន យន្តកម្ពុជា និងក្លិប KARA ដែលទទួល បានការគាំទ្រយ៉ាងខ្លាំងពីកីឡាករជាតិ និង អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋខេត្តបាត់ដំបងតែម្តងសម្រាប់ព្រឹត្តិការណ៍ Power Festival លើកទី២ និងការប្រណាំងខារ៉ា ខាប់ ២០១៧នេះ ។
ដោយឡែក លោកមៀច សុផាន់ណាប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះក្រុមការងារដែលបានរៀបចំព្រឹត្តិការណ៍នេះទទួលបានជោគជ័យ និងមានការចូលរួមគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ លោក ប្រធានសហព័ន្ធសង្ឃឹមថា វិស័យកីឡាយានយន្តនៅកម្ពុជានឹងមានការរីកចម្រើន និងចូលរួមពីយុវជនកាន់តែផុសផុលឡើងតាម រយៈសកម្មភាពនេះហើយវាក៏អាចជាសារមួយដើម្បីផ្លាស់ប្តូរផ្នត់គំនិតយុវជនដែលធ្លាប់តែបង្ហោះម៉ូតូអនាធិបតេយ្យតាមទីសាធារណៈឲ្យពួកគាត់ងាកមកចូលរួមជាមួយ សហព័ន្ធក្នុងការហ្វឹកហាត់បង្កើនសមត្ថភាពដោយមានទទួលស្គាល់ពីសហព័ន្ធនិងសាធារណជនទូទៅសម្រាប់ត្រៀមប្រកួតនៅក្នុងព្រឹត្តិការណ៍នានាជាពិសេសត្រៀមស៊ីហ្គេម២០២៣។
គួររំលឹកថា ចំពោះលទ្ធផលនៃការ ប្រកួតទាំង២ជើង Class A លេខ១បាន ទៅកីឡាករ មីង សេង, លេខ២ Quochuy, លេខ៣ Nhoc Ho អ្នកសិតជាកីឡាករ វៀតណាម ។ ចំណែក Class B លេខ១ កីឡាករ ខុម គីមហាប់, លេខ២ ពេជ្រ គីមស្រ៊ុន, លេខ៣ សុខ សួនណារុន។ រីឯ Class C លេខ១កីឡាករ វ៉ាន់ សកល, លេខ២ ទី សុភ័ក្រ្ត, លេខ៣ មូល ភិរុណ ។ Class D លេខ១កីឡាករ ដួង ពៅ, លេខ២ ឃុន ដេវីដ, លេខ៣ K C និង Class E លេខ១ កីឡាករ នាង ណារ៉ាត់, លេខ២ មួង តុលា , លេខ៣ ព្រហ្ម ចាន់ដារ៉ូ ៕ សារីម