បុរសម្នាក់ត្រូវអ្នកជិតខាងវាយនិងច្រានដួលផ្ងារក្រោយជុងនឹងអំបែងឥដ្ឋស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ព្រោះតែញៀនស្រាឃើញអ្នកជិតខាងកំពុងអង្គុយផឹកក៏ដើរចូលទៅសុំ រហូតធ្វើឲ្យអ្នកជិតខាងអត់ទ្រាំលែងបានក៏ស្ទុះចូលទៅវាយជាច្រើនដៃនិងច្រាន បណ្តាលឲ្យដួលផ្ងារក្រោយជុងទៅនឹងអំបែងឥដ្ឋរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ ។

ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ។ ក្រោយពីមានហេតុការណ៍កើតឡើងជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានចាប់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សួន ប្រុស ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាងតភ្លើង មានទីលំនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ។ ចំណែកឯជនរងគ្រោះឈ្មោះ នុត ង៉ែត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនសង្ស័យនិងអ្នកជិតខាងបាននាំគ្នាអង្គុយផឹកស្រាបៀរជុំគ្នា ខណៈនោះជនរងគ្រោះដែលជាមនុស្សញៀនស្រាបានដើរចូលទៅសុំលុយពីជនសង្ស័យដើម្បីយកទៅទិញស្រាផឹក ។ គ្រានោះជនសង្ស័យមិនបានឲ្យលុយទៅជនរងគ្រោះនោះទេ ពោលគឺបានឲ្យស្រាបៀរមួយកំប៉ុងជំនួសវិញ បន្ទាប់មកជនសង្ស័យបានដេញជនរងគ្រោះឲ្យដើរចេញពីវង់ផឹកស៊ីតែជនរងគ្រោះមិនបានស្តាប់នោះទេ នៅបន្តសុំស្រាបៀរបន្ថែមមួយកំប៉ុងទៀត ធ្វើឲ្យជនសង្ស័យអត់ទ្រាំមិនបានក៏ស្ទុះទៅវាយជាច្រើនដៃ និងច្រានជនរងគ្រោះ បណ្តាលឲ្យដួលផ្ងារក្រោយទៅលើបំបែងឥដ្ឋរងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ រហូតដាច់ខ្យល់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យមិនបានប៉ុន្មានម៉ោងផងនោះ ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលកសាងសំណុំរឿងពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

...

kdal (1) kdal (3) kdal (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print