ការដែលចិនហាមប្រាមក្រុមអ្នកទេសចររបស់ខ្លួនទៅកាន់កូរ៉េខាងត្បូង ដើម្បីតបតទៅនឹងការដាក់ប្រព័ន្ធមីស៊ីលការពារដ៏ ទំនើបរបស់អាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង។
ទំនាក់ទំនងរវាងចិន និងកូរ៉េខាងត្បូង កំពុងតែប្រឈមមុខតានតឹងបំផុតមិនធ្លាប់មានពីមុនមក ហើយប្រទេសទាំង២អាចប្រឈមនឹងសង្គ្រាមសេដ្ឋកិច្ច ក្រោយពេលរដ្ឋាភិបាលចិនហាមប្រាមពលរដ្ឋរបស់ខ្លួនទៅកាន់កូរ៉េខាងត្បូង។ សកម្មភាពខាងលើនឹងធ្វើឲ្យវិស័យឧស្សាហកម្មគ្មានផ្សែងរបស់កូរ៉េខាងត្បូងថយចុះ។ ការហាមប្រាមខាងលើនឹងធ្វើឲ្យចំណូលពីភ្ញៀវទេសចរចិនធ្លាក់ចុះ។ កាលពីឆ្នាំ២០១៦អ្នកទេសចរចិនទៅកាន់កូរ៉េខាងត្បូងមានរហូតដល់ជាង៨លាននាក់។
សារព័ត៌មាន Financial Times របស់អង់គ្លេសបានផ្សាយថា រដ្ឋមន្ត្រីក្រសួង វិប្បធម៌កូរ៉េខាងត្បូង លោក Wang Ki Young កាលពីថ្ងៃទី៣ ខែមីនា បានប្រកាសឲ្យដឹងថា ក្រុមហ៊ុនទេសចរណ៍ចិនត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យលុបចោលជើងហោះហើរចូលទៅកាន់កូរ៉េខាងត្បូង ចាប់ពីខែមីនា ហើយសកម្មភាពបែបនេះនឹងធ្វើឲ្យខាតបង់យ៉ាងច្រើនលើវិស័យទេសចរណ៍កូរ៉េខាងត្បូង។
ពាក់ព័ន្ធនឹងសកម្មភាពខាងលើរបស់ចិន ក្រសួងការបរទេសកូរ៉េខាងត្បូងបានប្រកាសថា កូរ៉េខាងត្បូងពិតជាខកចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពរបស់រដ្ឋាភិបាលចិន ហើយសកម្មភាពនោះនឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស្មុគស្មាញ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Hwang Kyo Ahn បានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូង និងបន្តតាមដានរាល់សកម្មភាពរបស់រដ្ឋាភិបាលចិនមកលើកូរ៉េខាងត្បូង។
ការសម្រេចខាងលើរបស់រដ្ឋាភិបាលចិន ក្រោយពេលដែលកូរ៉េខាងត្បូងសម្រេច ដាក់ប្រព័ន្ធមីស៊ីលការពាររបស់អាមេរិកនៅលើទឹកដីរបស់ខ្លួនមិនត្រឹមតែប៉ះពាល់ដល់វិស័យទេសចរណ៍តែប៉ុណ្ណោះឡើយគឺទំនិញទាំងឡាយរបស់កូរ៉េខាងត្បូងចូលទៅកាន់ប្រទេសចិនក៏រងផលប៉ះពាល់ផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី