ភ្នំពេញ៖ ទីបំផុតកីឡាករ២នាក់បានឈានជើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី TV5 KNOCK OUT Series របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ដើម្បីវាយដណ្តើមពានរង្វាន់ដែលមានប្រាក់រង្វាន់ចំនួន៥ពាន់ដុល្លារអាមេរិកសម្រាប់ម្ចាស់ជ័យលាភីជើងឯកខាងលើនេះ ។
ការប្រកួតនេះបានបែងចែកជា៥ដំណាក់កាលដោយត្រូវប្រកួតវិលជុំចាប់ពីកីឡាករ ៣២នាក់រហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ។ ដូច្នេះកីឡាករដែលមានសំណាងបានឡើងដល់វគ្គផ្តាច់ព្រ័ត្រគឺកីឡាករ ឡុង សំណាង មកពីក្លិបឡុង សាលវ័ន្តកីឡា និងកីឡាករ ឃីម បូរ៉ា មក ពីក្លិបរស្មីភូមិគាបខេត្ត បន្ទាយមានជ័យក្រោយពីពួកគេទាំង២នាក់បានឆ្លងផុតវគ្គជម្រុះចំនួន៤ដំណាក់កាលរួចមកនោះ។
ការដឹកដៃគ្នាឡើងទៅវគ្គផ្តាច់ព្រ័ត្រ របស់កីឡាករ ឡុង សំណាង និងឃីម បូរ៉ា ខាងលើបន្ទាប់ពីពួកគេវាយឈ្នះដៃគូប្រកួត របស់គេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ ។ ចំពោះជ័យជម្នះដ៏តឹងតែង របស់កីឡាករ ឡុង សំណាង ទៅលើ កីឡាករ លាស់ យីន មកពីក្លិបសម្រែករាជសីហ៍ទាំងប្រផុតប្រផើយនេះគឺដោយសារលាស់ យីន មានឱកាសវាយបកសង សំណាង មិនចំគោលដៅល្អ។ ចំណែក កីឡាករ ឡុង សំណាង គេព្យាយាមវាយ ចេញឲ្យបានច្រើនបំផុត បើទោះបីការ ប្រកួតនេះមានរយៈពេលតែ៣ទឹកក៏ ដោយ។ ការបរាជ័យរបស់កីឡាករ លាស់ យីន ត្រូវធ្លាក់ទៅប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ក្នុងកម្មវិធី TV5 KNOCK OUT Series រីឯ ឡុង សំណាងត្រូវឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រវាយដណ្តើមយកពាន រង្វាន់ជើងឯក និងជើងឯករង ។
ដោយឡែកកីឡាករ ឃីម បូរ៉ាវិញរូបគេបានវាយទម្លាក់កីឡាករ បឺត សង្ឃឹម មកពី ក្លិបរ៉ាហាប់ស្វាយប៉ាកដោយពិន្ទុប្រកៀកប្រកិតនិងធ្វើឲ្យទស្សនិកជនរំជួលចិត្តខ្លាំងមែនទែនរយៈពេលប្រកួត៣ទឹកក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ។ បឺត សង្ឃឹម បានរងនូវការវាយសន្ធាប់ពី ឃីម បូរ៉ា យ៉ាងធ្ងន់ធ្ងូរ ខណៈដែល បឺត សង្ឃឹម ព្យាយាមប្រើស្នៀតកែង និងកណ្តាប់ដៃវាយម៉ាត់ផ្ទៃមុខបូរ៉ាតែចាញ់ជង្គង់បូរ៉ា ។
ទោះបីយ៉ាងណាចៅក្រមដាក់ពិន្ទុបានសម្រេចមិនឯកច្ឆន្ទផ្តល់ពិន្ទុឲ្យកីឡាករ ឃីម បូរ៉ាឈ្នះបឺត សង្ឃឹម។ ដូច្នេះកីឡាករ ឃីម បូរ៉ានិង ឡុង សំណាង ត្រូវប៉ះគ្នានៅ វគ្គផ្តាច់ព្រ័ត្រដណ្តើមយកចំណាត់ថ្នាក់លេខ១និងលេខ២ ខណៈដែលកីឡាករ បឺត សង្ឃឹម ត្រូវជួបជាមួយ កីឡាករ លាស់ យីន ដណ្តើមយកចំណាត់ថ្នាក់លេខ៣ និង លេខ៤៕ សារីម