តំណាងរាស្ត្រម៉ិចស៊ីកូមួយរូបបានផ្លោះរបងព្រំដែនម៉ិចស៊ីកូ-អាមេរិក ដើម្បីជាសារផ្ញើទៅកាន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា គោលនយោបាយសាងសង់ជញ្ជាំង ព្រំដែនរបស់លោក ដូណាល់ ត្រាំ គឺជារឿង អត់ប្រយោជន៍មិនអាចរារាំងអ្នកឆ្លងកាត់បានឡើយ។
នៅក្នុងរូបភាពតំណាងរាស្ត្រម៉ិចស៊ីកូ បានឡើងលើរបងកម្ពស់៨ម៉ែត្រនៅតំបន់ Tijuana តំណាងរាស្ត្រ Braulio Guerra Urbiola បានប្រកាសឲ្យដឹងថា «មិនពិបាក ឡើយក្នុងការឡើងលើរបង»។
តំណាងរាស្ត្ររដ្ឋ Queretaro បាន បញ្ជាក់ទៀតថា «គ្មានអ្វីដែលពិបាកក្នុង ការឡើងលើរបងឆ្លងចូលអាមេរិកនោះឡើយ។ ទាំងនោះបង្ហាញឲ្យឃើញថា ការ សាងសង់របងជញ្ជាំងដែលចំណាយប្រាក់រហូតដល់ទៅ១៥ពាន់លានដុល្លារគ្មានន័យ អ្វីនោះឡើយគឺអាចឆ្លងបានគ្រប់ពេល»។
សារព័ត៌មាន Telegraph បានផ្សាយថា ប្រធានាធិបតី ដូណាល់ ត្រាំ បានសន្យា សាងសង់របងព្រំដែនមានប្រវែងជាង៣ ពាន់គីឡូម៉ែត្ររវាងអាមេរិកនឹងម៉ិចស៊ីកូ ក្នុងការកាត់បន្ថយជនភៀសខ្លួនខុសច្បាប់ ចូលក្នុងទឹកដីអាមេរិក។ នៅពេលឡើងកាន់ តំណែងលោក ត្រាំ បានចុះហត្ថលេខា សាងសង់ជញ្ជាំងព្រំដែនជាប់ម៉ិចស៊ីកូ។
ជាមួយនឹងការឡើងជញ្ជាំងរបស់ តំណាងរាស្ត្រខាងលើបញ្ជាក់យ៉ាងច្បាស់ ថា ការចំណាយប្រាក់ក្នុងការសាងសង់ ជញ្ជាំងមិនអាចរារាំងពលរដ្ឋធ្វើដំណើរចូល ទៅទឹកដីអាមេរិកនោះឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី