ខេត្តកំពង់ធំ៖ ជនជាតិចិនម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ត្រូវរឡូកិនថ្នល់កិនពីលើ ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៦ ខែមីនា ឆ្នាំ២១០៧ នៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញគ្រឿងចក្ររបស់ក្រុមហ៊ុនចិនកំពុងធ្វើផ្លូវ តែរឡូនេះកំពុងកិនពង្រាបថ្ម ធ្វើចរាចរណ៍ទៅមកៗច្រើនដង ស្រាប់តែជនរងគ្រោះ ជាជនជាតិចិនបានដើរមកពីក្រោយរឡូ នៅពេលដែលរឡូកំពុងបើកថយក្រោយ ក៏កិនជនរងគ្រោះពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗ គួរឲ្យតក់ស្លុតបំផុត ។
លោកវរៈសេនីយ៍ត្រី សន តាល់ អធិការរងនគរបាលស្រុកបារាយណ៍បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ រិន វ៉ៃ មីន ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិចិន (ស្លាប់) ចំណែកអ្នកបើកបរ រឡូ បង្កឈ្មោះ សុខ ឆន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅឃុំសំរោង ស្រុកព្រៃទប់ ខេត្តព្រះសីហនុ ជាកម្មករ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរនៅអធិការស្រុកបារាយណ៍ ដើម្បី ចាត់វិធានការបន្តតាមផ្លូវច្បាប់ ។
គួររំលឹកថា! កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ ក្រុមអ្នកធ្វើផ្លូវជាតិបានស្លាប់២នាក់ និងរបួសជនជាតិចិនធ្ងន់១នាក់ នៅក្នុងស្រុកបារាយណ៍នេះ ផងដែរដោយសារករណីធ្វេសប្រហែស ៕ ប៊ុន រិទ្ធី