ក្លិប Bayer Leverkusen បានតែង តាំងលោក Tayfun Korkut ជាគ្រូបង្វឹក ថ្មីជំនួសលោក Roger Schmidt រហូត ដល់ចប់រដូវកាលនេះ ។
លោក Roger Schmidt ត្រូវបានក្លិប បណ្តេញចេញពីតំណែងក្នុងរយៈពេល២៤ម៉ោងក្រោយប្រកួតចាញ់ក្រុម Borussia Dortmund ដោយលទ្ធផល 6-2។ ក្រោយ ទទួលបរាជ័យនេះក្លិប Bayer Leverkusen បានឃ្លាតឆ្ងាយពីក្រុមកំពូលតារាងទាំង៤ រហូតដល់ទៅ១១ពិន្ទុឯណោះ ។
គួររំលឹកថា លោក Roger Schmidt បាន មកដឹកនាំក្រុម Bayer Leverkusen កាល ពីឆ្នាំ២០១៤ បន្ទាប់ពីដឹកនាំក្រុម RB Salzburg ទទួលបានជោគជ័យយ៉ាងខ្លាំងហើយពេលគាត់មកដឹកនាំក្រុម Leverkusen ដំបូងក៏ទទួលបានលទ្ធផលល្អដែរដោយក្រុម របស់គាត់ទទួលបានចំណាត់ថ្នាក់លេខ៤នៅក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់ ។
ក្នុងរដូវកាលនេះក្រុម Leverkusen លេងមិនបានល្អទាល់តែសោះដែលធ្វើឲ្យថ្នាក់ដឹកនាំក្លិបសម្រេចចិត្តបណ្តេញលោក Roger Schmidt ចេញតែម្តង ។
ចំណែកលោកTayfun Korkutនឹងមកដឹកនាំក្រុមនេះដោយមុនដំបូងចំពេលប្រកួតជាមួយក្រុម Werder Bremen ហើយត្រូវ មានកម្មវិធីនៅ Champions League ប៉ះ Atletico Madrid ជើងទី២ ខណៈជើងទី១ Leverkusen ចាញ់ 4-2 នៅប្រទេសអាល្លឺម៉ង់ ៕