នគរបាលបង្ហាញមុខមេខ្លោងគ្រឿងញៀនក្រោយបង្រ្កាបជនសង្ស័យជនជាតិខ្មែរ-ថៃ៦នាក់ និងថ្នាំជិត២គីឡូក្រាម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលបានបង្ហាញមុខសញ្ញាជនសង្ស័យជាមេខ្លោងគ្រឿងញៀននៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ក្រោយពីប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំនៅខេត្តបន្ទាយមានជ័យដកហូតបានថ្នាំញៀនជិត២គីឡូក្រាមបានបញ្ចប់រួចហើយនោះ។

ជនសង្ស័យជាមេខ្លោងគ្រឿងញៀននិងបក្ខពួកស្ថិតក្នុងរង្វង់នៃការបង្រ្កាបរបស់កម្លាំងនគរបាលឃាត់ខ្លួនមនុស្សប្រុសស្រី សរុប៦នាក់ក្នុងនោះ មានជនជាតិខ្មែរ៥នាក់ និងជនជាតិថៃជាស្រ្តីម្នាក់ ឆែកឆេរដកហូតបានថ្នាំញៀនមេតំហ្វេតាមីនWY៨០៧២គ្រាប់ ស្មើនិងទម្ងន់៧៩៤.៩១ក្រាម ថ្នាំញៀនមេតំហ្វេតាមីនទឹកកក៩៨០.៤២ក្រាម ស្មើនិងទម្ងន់សរុប ១៧៧៥.៣៣ក្រាម ដកហូតបានកាំភ្លើងខ្លីម៉ាកឡុក១ដើម គ្រាប់៩០គ្រាប់ រថយន្តចំនួន៥គ្រឿងផងដែរ។

ការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំខាងលើកម្លាំងនគរបាលរួមមានមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ កម្លាំងការិយាល័យBLOប្រចាំក្រុងប៉ោយប៉ែត នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នគរបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលវរៈការពារព្រំដែគោកលេខ៩១១ បានចេញប្រតិបត្តិការ ក្រោមការដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ពៅ សំអេង នាយរងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ  ដោយមានការសម្របសម្រួលនីតិវិធីពីលោក តេង សម័យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ប្រើប្រាស់ចំណាយពេលវេលាប្រហែល១៥ម៉ោង ចាប់ផ្តើមពីម៉ោង១១ថ្ងៃត្រង់ថ្ងៃទី៩ ខែកុម្ភៈ រហូតដល់វេលាម៉ោង៤ទាបភ្លឺថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ទើបបញ្ចប់ប្រតិបត្តិការ។ ហ៊ុំព័ទ្ធទីតាំងផ្ទះវីឡាដែលសង្ស័យលាក់ទុកគ្រឿងញៀន៣កន្លែង ស្ថិតក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ។

សេចក្តីរាយការណ៍ឱ្យដឹងទៀតថា ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនមុនដំបូងសមត្ថកិច្ចផ្ទុះអាវុធចំនួន៤គ្រាប់ផងដែរ ដើម្បីចាប់ឃាត់ខ្លួនបក្ខពួកជនសង្ស័យ២នាក់នៅក្រុងសិរីសោភ័ណដែលបម្រុងរត់គេចខ្លួន។ បន្ទាប់មកកម្លាំងនគរបាលបន្តបង្រ្កាបនៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី៤នាក់បន្ថែមទៀត សរុប៦នាក់។

ក្នុងចំណោមជនសង្ស័យ៦នាក់ ក្នុងនោះ២នាក់ជាមុខសញ្ញាធំជួញដូរគ្រឿងញៀន មានទី១ឈ្មោះតេង ផូង ភេទប្រុសអាយុ៥២ឆ្នាំ ប្រកបមុខរបរគួកជេរថយន្ត រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ទី២ឈ្មោះយ៉ាន មាន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ចំណែកជនសង្ស័យ៤នាក់ជនជាតិខ្មែរ-ថៃ មិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយនោះទេ។ ជនសង្ស័យកំពុងស្ថិតក្នុងការសាកសួររបស់កម្លាំងនគរបាល ការិយាល័យជំនាញខេត្តនិងក្រសួងមហាផ្ទៃ ហើយពួកគេគ្រោងនិងចាប់បញ្ជូនទៅកាន់តុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់នៅថ្ងៃទី១០ ខែមីនា ឆ្នា២០១៧។

លោកឧត្តមសេនីយ៍ត្រី ពៅ សំអេង នាយរងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានប្រាប់ឱ្យដឹងថា ការបង្រ្កាបជនសង្ស័យគ្រឿងញៀនទ្រង់ទ្រាយធំនៅខេត្តបន្ទាយមានជ័យបានសម្រេចនៅពេលនេះ ធ្វើឡើងជាលើកដំបូងហើយដែលសមត្ថកិច្ចចេញប្រតិបត្តិការ ក្នុងអំឡុងនៃយុទ្ធនាការបោសសំអាតគ្រឿងញៀនទ្រង់ទ្រាយធំទូទាំងប្រទេស ដែលមានរយៈពេលជាង២ខែមកនេះ។ ការបង្រ្កាបសមត្ថកិច្ចធ្វើឡើងអនុវត្តកិច្ចការងារជំនាញ ដោយមានការបញ្ជាផ្ទាល់ ពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមគោលដៅ និងផែនការយ៉ាងម៉ឺងម៉ាត់ ពីលោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកកិច្ចការងារប្រឆាំងគ្រឿងញៀន។

លោកបញ្ជាក់ឱ្យដឹងទៀតថា ក្នុងតំណាក់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានបង្រ្កាបមេខ្លោងគ្រឿងធំៗ៣លើកមកហើយ ២លើកនៅខេត្តស្ទឹងត្រែង និងលើកចុងក្រោយនៅខេត្តបន្ទាយមានជ័យនេះ។ ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនមានផែនការនិងបន្តសហការជាមួយកម្លាំងនគរបាលគ្រប់បណ្តាខេត្ត-ក្រុង ដើម្បីចេញប្របត្តិការស្វែងរកបង្រ្កាបមេខ្លោងធំៗដែលជាមុខសញ្ញាធ្វើជំនួញគ្រឿងញៀនចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់បន្តបន្ទាប់ទៀត៕ សំ វិច្ឆិកា

...

btm (10) btm (2) btm (1) btm (3) btm (5) btm (7) btm (6) btm (8) btm (9)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print