ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានប្រកាសរំសាយបេក្ខភាព សមាជិកប្រតិបត្តិចាស់របស់ខ្លួនរួចតែងតាំងក្បាលម៉ាស៊ីនដឹកនាំថ្មីបន្តពីថ្នាក់ដឹកនាំ សហព័ន្ធចាស់ដែលបានខកខានធ្វើសន្និបាតប្រចាំឆ្នាំ និងពុំសូវមានការចូលរួមពី សមាជិកមួយចនួននាពេលកន្លងទៅ។
លោក រ័ត្ន សាខន ប្រធានសហព័ន្ធថ្មី បានឲ្យដឹងថា ចំពោះអាណត្តិថ្មីនៃការដឹក នាំសហព័ន្ធកីឡាវាយកូនឃ្លីលើតុនេះលោកបានសំណូមពរឲ្យគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាជាអ្នកជ្រើសរើសសមាជិកប្រតិបត្តិថ្មីសម្រាប់បន្តនិរន្តរភាពឲ្យបាន ប្រសើរឡើង ខណៈដែលសហព័ន្ធត្រូវ កសាងសមត្ថភាពកីឡាករកីឡាការិនី ឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលព្រះរាជណាចក្រកម្ពុជាធ្វើម្ចាស់ផ្ទះ។
ទន្ទឹមនឹងការស្នើសុំឲ្យជួយពីសំណាក់លោក រ័ត្ន សាខន ខាងលើនេះដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រកាសពីសមាសភាពក្បាល់ម៉ាស៊ីនដឹកនាំថ្មីនៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា៩នាក់ដែល ក្នុងនោះលោក រ័ត្ន សាខន ជាប្រធានអាណត្តិ ថ្មី លោក សុខ វិសាល អនុប្រធាន កញ្ញា តៃ លីដា អគ្គលេខាធិការ លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការរង អ្នកស្រី ប៊ូ កានីយ៉ា អគ្គហេរញ្ញឹក លោកតែ សុខហុង សមាជិក លោក រស់ ជាតិ សមាជិក និង លោក តេង សំណាង សមាជិក ។
លោកអគ្គលេខាធិការ NOCC បាន បញ្ជាក់ថា ដើម្បីឲ្យសហព័ន្ធថ្មីអាចដំណើរការបានដោយរលូនប្រកបបោយប្រសិទ្ធ ភាពការងារ និងទំនាក់ទំនងគ្នាល្អ មាន ឯកភាពផ្ទៃក្នុងនោះសហព័ន្ធត្រូវរៀបចំផែន ការរដ្ឋបាលនិងការងារបច្ចេកទេសឲ្យបានល្អ និងត្រូវជួបប្រជុំជាមួយសមាជិកជាប្រចាំ តាមការកំណត់របស់សហព័ន្ធ ។
លោកបានបន្តថា ដើម្បីឲ្យកីឡាវាយកូនឃ្លីលើតុអាចប្រកួតប្រជែងដោយស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសដទៃទៀតបានលុះត្រាតែសហព័ន្ធខ្លាំងដោយរកគ្រូ បរទេសមកហ្វឹកហាត់ក្រុមជម្រើសជាតិ ព្រោះបើគ្មានគ្រូជំនាញមកបង្វឹកហាត់ទេនោះយើងក៏មិនអាចរកគុណផលបាន សម្រាប់ថ្ងៃអនាគតដែរ ៕ សារីម