ភ្នំពេញ៖ គំនរសំរាមមួយកន្លែង ដែល ពោរពេញទៅដោយកម្ទេចក្រណាត់ និងជ័រ ព្រមទាំងកម្ទេចស្បែកផងនោះ ត្រូវបាន ភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ និងមាន ផ្សែងហុយឡើងលើយ៉ាងឃ្មួលខ្មាញ់ បានបង្កឲ្យមានកាភ្ញាក់ផ្អើលស្មានថាភ្លើងឆេះ ផ្ទះ កាលពីវេលាម៉ោង១១ និង៣៥នាទី រសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្នកភូមិបាននិយាយថា សំរាមមួយគំនរ ធំនោះ ត្រូវបានគេដឹងថា ភាគច្រើនជា កម្ទេចក្រណាត់គ្រប់ប្រភេទ។ ក្រៅពីនោះ មានកម្ទេចជ័រ និងស្បែកមួយចំនួនទៀត ដែលប្រជាពលរដ្ឋគ្រួសារមួយៗ ដឹកតាម រថយន្តចេញពីផ្ទះ ឬតាម បណ្ដារោងចក្រកាត់ដេរនានាយកទៅចាក់ចោលនៅទីនោះ ដោយអ្នកខ្លះជ្រែរើសយកចំរៀកដែលល្អៗទុកលក់។ លុះក្រោយពេលរើសចំរៀកល្អៗលក់អស់ហើយ មិនបានដឹកយកកម្ទេចដែលប្រើការមិនកើតនោះ ទៅចាក់ចោល នៅទីលានចាក់សំរាមនោះទេ បែរជាចាក់ គរចោលនៅមុខផ្ទះខាងលើ និងបានចាក់ ចោលនៅទីនោះ ជាច្រើនខែមកហើយធ្វើឲ្យមានអគ្គិភ័យកើតឡើងដោយសារសំរាម ទាំងនេះ។
ប្រភពដដែលបានបន្តទៀតថា នៅ ពេលកើតហេតុខាងលើមានគ្រួសារមួយនោះ បានយកខ្សែភ្លើងទៅដុតយកស្ពាន់ទៅលក់ ឲ្យអេតចាយនៅលើគំនរសំរាមនោះ ជាហេតុបណ្ដាលឲ្យមានការឆាបឆេះឡើង សន្ធោរសន្ធៅ និងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយអ្នកដុតបង្កឲ្យឆេះនោះនាំគ្នាដងទឹកជះពន្លត់យ៉ាងញាប់ដៃញាប់ជើង ប៉ុន្តែមិនរលត់នោះឡើយ។ បន្ទាប់ពីមាន អណ្តាតភ្លើងសន្ធោរសន្ធៅ និងមានផ្សែង ឃ្មួលខ្មាញ់ គេឃើញរថយន្តពន្លត់អគ្គីភ័យ១គ្រឿងរួមជាមួយនឹងរថយន្តដឹកទឹកលក់ នៅក្នុងភូមិនោះ២គ្រឿងទៀតបានមករួមគ្នាបាញ់ពន្លត់ទើបរលត់ទៅវិញ៕ សុខាសែនជ័យ