ខេត្តកណ្តាល៖ ប្រជាកសិកររស់នៅក្នុងភូមិក្រាំងរលួស ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹងបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៣គ្រាប់ ស្ថិតនៅលើដីស្រែ និងក្បែរគល់ឈើ បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលមូលដ្ឋានចុះទៅធ្វើការត្រួតពិនិត្យនៅវេលាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥នេះ ។
បន្ទាប់ពីពិនិត្យឃើញជាក់ស្តែងរួចមក សមត្ថកិច្ចនគរបាលប៉ុស្តិ៍បានហ៊ំព័ទ្ធជុំវិញទីតាំងខាងលើនេះនិងដាក់ស្លាកសញ្ញាហាមឃាត កុំឲ្យប្រជាពលរដ្ឋចូលទៅជិត រងចាំមន្ត្រីជំនាញ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា“CAMC” ចុះទៅទទួលយករក្សាទុក កុំឲ្យគ្រាប់ទាំងនោះបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋ ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលរលាំងកែនដែលចុះពិនិត្យដោយផ្ទាល់ បានបញ្ជាក់ថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០៣គ្រាប់ ដែលប្រជាពលរដ្ឋប្រទះឃើញនោះ ជាប្រភេទគ្រាប់ ១០៥មីលីម៉ែត្រចំនួន០២គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រចំនួន០១គ្រាប់ ។
មន្ត្រីនគរបាលប៉ុស្តិ៍បានបញ្ជាក់ទៀតថា គ្រាប់យុទ្ធភ័ណ្ឌខាងលើនេះវានៅមានគុណភាព គ្រាប់ប្រភេទនេះវានៅសេសសល់តាំងពីសម័យសង្រ្គាមមកម្លេះ ៕
ដោយ៖ ស្អាងជ័យ