កំពុងឈរធ្វើការក្នុងរោងចក្រ ខ្យល់គរដួលស្លាប់ចោលកូន៤នាក់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ កម្មការិនីរោងចក្រកាត់ដេរ សម្លៀកកបំពាក់វ័យ៣៤ឆ្នាំ បានដួលសន្លប់នៅកន្លែងធ្វើការហើយ ពេលបញ្ជូនដល់មន្ទីរពេទ្យបានស្លាប់ បន្ទាប់ពីគេសង្ស័យគាត់មានជំងឺលើសឈាម ប្រចាំកាយ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នៅចំណុចក្នុងរោងចក្រអេសអ៊ិល (SL) ផ្លូវលេខ៣៧១ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ប្រាក់ កល់ ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រអេសអ៊ិលស្នាក់នៅផ្ទះជួល ផ្លូវលំភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិតាឡឹង ឃុំភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ ។

កម្មការិនីម្នាក់ដែលធ្វើការនៅរោងចក្រជាមួយជនរងគ្រោះបានប្រាប់ឲ្យដឹងថា ស្រី្តរងគ្រោះគឺជា ស្រ្តីមេម៉ាយមានកូនចំនួន ៤នាក់ ក្នុងនោះមានប្រុសម្នាក់ ហើយប្តីស្លាប់ដោយជំងឺជិត១០ឆ្នាំមកហើយ ។ កន្លងមកក្រុមគ្រួសារមិនបានដឹងថា ស្រ្តីរងគ្រោះមានជំងឺលើសឈាមទេ ព្រោះមិនដែលទៅមន្ទីរពេទ្យពិនិត្យសុខភាពម្តងណាឡើយ ទាល់តែពេលស្លាប់ទើបគ្រូពេទ្យប្រាប់ថាគាត់មានជំងឺលើសឈាម ។

ប្រភពដដែលបានឲ្យដឹងទៀតថា មុនកើតហេតុស្រី្តកំពុងធ្វើការដូចថ្ងៃធម្មតាស្រាប់តែដួលសន្លប់ហើយស្មានតែខ្យល់គរ បានយកទៅឲ្យគ្រូពេទ្យរោងចក្រពិនិត្យ តែពេទ្យប្រចាំការនៅរោងចក្រថាវាស់ឈាមទៅឃើញគាត់ឡើងសម្ពាធឈាមខ្ពស់ពេក ក៏ប្រញាប់ដឹកតាមរថយន្តយកទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យប្រាប់ថា ជនរងគ្រោះស្លាប់ហើយ ។

កម្លាំងនគរបាលការិយាល័យបច្ចេកទេស វិទ្យាសាស្រ្តរាជធានីភ្នំពេញ និងគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញក្រោយពិនិត្យសាកសពរួចបានបញ្ជាក់ថា ស្រី្តរងគ្រោះស្លាប់ដោយសារគាំងបេះដូងនិងមានជំងឺលើសឈាមប្រចាំកាយ ហើយ បន្ទាប់មកក៏ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ ប្រាថ្នា

...

bratna

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print