ខេត្តព្រះសីហនុ៖ សាកសពបុរសជនជាតិចិនម្នាក់ត្រូវបានក្រុមចិនធ្វើការជាមួយគ្នាដឹកតាមរថយន្តយកមកទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសមត្ថកិច្ចបានសន្និដ្ឋានថាការស្លាប់របស់ជនរងគ្រោះជាករណីធ្វើអត្តឃាតនៅគ្រាដែលគេសង្ស័យថាជារឿងឃាតកម្ម។
តាមប្រភពបានឲ្យដឹងថា សាកសពជនរងគ្រោះត្រូវបានគេដឹកមកទុកនៅមន្ទីរពេទ្យខេត្តព្រះសីហនុកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៥និង៤០នាទីល្ងាច ។ ប្រភពបានបន្តថា សាកសពជនរងគ្រោះត្រូវបានជនជាតិចិនចំនួន៥នាក់បើករថយន្តផ្ទាល់ខ្លួនដឹកសាកសពជនរងគ្រោះពីស្រុកស្ទឹងហាវ(ការដ្ឋានធ្យូងថ្ម) មកទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះWANG KE ភេទប្រុស កើតនៅថ្ងៃទី១២-១២-១៩៧១ មុខរបរបុគ្គលិកការដ្ឋានធ្យូងថ្ម(ស្រុកស្ទឹងហាវ)។
បើតាមលោក ស រ៉ាត់វិទ្យា ជាប្រធានការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានប្រាប់អ្នកយកព័ត៌មានយ៉ាងខ្លីថា «ការស្លាប់របស់ជនជាតិចិននេះគឺដោយសារអត្តឃាត»។
បើទោះបីជាមន្ត្រីបច្ចេកទេសបញ្ជាក់យ៉ាងដូច្នេះក្តី នៅកន្លែងពិនិត្យសាកសពគេបានលើកឡើងថា សាកសពជនរងគ្រោះសមត្ថកិច្ចនូវមិនទាន់រកឃើញលិខិតឆ្លងដែនច្បាប់ដើម ហើយក៏មិនទាន់មានការសន្និដ្ឋានអំពីការស្លាប់ច្បាស់លាស់ តែសាកសពជនរងគ្រោះត្រូវបានគេដឹកចេញពីមន្ទីរពេទ្យទាំងយប់។ មួយវិញទៀតសាកសពជនរងគ្រោះបានដឹកមកដល់ភ្នំពេញទៅហើយ តែសមត្ថកិច្ចនូវមិនទាន់បំពេញនីតិវិធីចប់។
ដូច្នេះករណីជនជាតិចិនស្លាប់ខាងលើនេះ គេសង្ស័យថា ជាករណីរិតកសម្លាប់តែមិនមែនជាករណីជនរងគ្រោះធ្វើអត្តឃាតទេ ព្រោះការស្លាប់នេះមិនមានលៀនអណ្តាត?៕ ឆ្លាម សមុទ្រ















