ភ្នំពេញ៖ ដោយសារមុខរបរអាជីវកម្មហាងសាឡនអស់ជាច្រើនឆ្នាំ តារាសម្តែងភេទទី៣ សិន ឌី បានប្រកាសបន្ថយការងារសិល្បៈ។ ការបន្ថយនេះក៏ក្រោយពេលដែលតារាសម្តែងរូបនេះទើបនឹងបើកដំណើរការហាងថ្មីទ្រង់ទ្រាយធំដុំជាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ។
តារាសម្តែង ស៊ិន ឌីបញ្ជាក់ថា ថ្មីៗនេះខ្លួនទើបនឹងបញ្ចប់ការសម្តែងភាពយន្តខ្នាតធំរបស់ផលិតកម្មមួយរឿង”ជួយអូនផង”។ លោកថា ការងារសិល្បៈមួយចំនួនផ្សេងទៀតនឹងកាន់តែត្រូវបានកាត់បន្ថយព្រោះតែមមាញឹកនឹងមុខជំនួញថ្មីគឺហាងសាឡនសាខាទីបីនៅខណ្ឌទួលគោកខាងក្រោយសាលាមតេយ្យហ្សាម៉ាន់ បន្ទាប់ពីហាងពីរទៀតគឺនៅជិតDN និងទួលទំពូងទទួលបានការគាំទ្រច្រើន។ តារារូបនេះលើកឡើងដែរថា ហាងថ្មីដែលលោកបើកដំណើរការថ្មីនេះគឺមានទីតាំងធំទូលាយ និងផាសុខភាព ដើម្បីប្រាកដថានឹងបម្រើសេវាកម្មផ្នែកធ្វើសក់ ផាត់មុខនិងផ្នែកសម្ផស្សមួយចំនួនទៀតជូនដល់សិល្បករ និងភ្ញៀវដែលតែងតែទុកចិត្តចំពោះស្នាដៃហាងលោកកន្លងមក។ លោកមិនបញ្ជាក់អំពីទំហំទឹកប្រាក់នៃការបើកដំណើរការហាងថ្មីនេះទេគ្រាដែលហាងនេះត្រូវបានគេដឹងថាស្ថិតក្នុងដីឡូត៍ធំទូលាយ បំពាក់ដោយបច្ចេកវិទ្យាបែបស្តង់ដាខ្ពស់មួយ ដែលកម្រនឹងឃើញមាននៅភ្នំពេញ។ លោកបន្តថា ហាងនេះគឺជានិម្មិតសញ្ញា Cindyថ្មី ដែលនឹងមានកម្មវិធីបញ្ចុះតម្លៃពិសេសដល់ភ្ញៀវពិសេសសិល្បករ។ លោកថាហាងថ្មីនេះនឹងធ្វើឲ្យលោកកាន់តែមមាញឹកដែលពិបាកនឹងរកពេលវេលាប្រឡូកជាមួយសិល្បៈ ប៉ុន្តែលោកនៅតែប្រកាន់ជំហរមិនបោះបង់ចោលការងារសិល្បៈនោះទេ
តារាសម្តែងនិងពិធីករប្រចាំទូរទស្សន៍បាយ័នកញ្ញាហ៊ិន ចាន់នីរ័ត្ន បានបញ្ជាក់ថា នាងគឺជាអតិថិជនរបស់ហាងស៊ិន ឌីជាយូរមកហើយទាំងបីសាខា។ នាងថា ភាពស្រស់ស្អាតសេវាកម្មល្អ គឺជាទំនុកចិត្តសម្រាប់នាងនិងសិល្បករដទៃ។ នាងបញ្ជាក់ដែរថា គុណភាពនៃការតុបតែងមុខ និងធ្វើសក់របស់ហាងស៊ិន ឌីគឺឈានមុខគេមួយ និងធ្លាប់ផ្តល់ទំនុកចិត្តដល់អតិថិជនជាយូរមកហើយ។ នាងរំពឹងដែរថា ការបើកដំណើរការហាងថ្មីនេះនឹងផ្តល់ភាពងាយស្រួលកាន់តែខ្លាំងសម្រាប់អតិថិជនកាន់តែច្រើន៕ វឌ្ឍនា






















