ភ្នំពេញ៖ បុរសម្នាក់បានដឹកដៃប្រពន្ធធ្វើដំណើរទៅសាលាសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជួយអន្តរាគមន៍បន្ទាប់ពីចាញ់បោកអ្នកទទួលម៉ៅការសំណង់ អស់លុយចំនួន១៤លាន២៣មុឺនរៀល ហើយគេចខ្លួនបាត់ បង្កឲ្យកម្មករ និងមេជាងផ្អើលឆោឡោ រត់ទៅប្តឹងអាជ្ញាធរ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ។
បុរសរងគ្រោះមានឈ្មោះ កែវ រីន អាយុ៥១ឆ្នាំ ជាមេការសំណង់ មានស្រុកកំណើតនៅភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ មានប្រពន្ធឈ្មោះ ឡន សុខន អាយុ៤៧ឆ្នាំ ស្នាក់នៅ ភូមិប៉ាយ៉ាប សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ខណ្ឌសែនសុខ ។
តាមស្រ្តីរងគ្រោះ តំណាងឲ្យកម្មករជាង២០នាក់ បានរៀបរាប់ឲ្យដឹងថា គាត់រួមជាមួយប្តី បានទទួលម៉ៅការសំណង់ផ្ទះល្វែង បុរីសែនសុខ មួយកន្លែងដែលមានទីតាំងស្ថិតនៅ ក្នុងភូមិព្រៃសិលា២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយចាប់ធ្វើការងារតាំងពីខែតុលា ឆ្នាំ២០១៦មកម្ល៉េះ ផ្នែកខាងរៀបឥដ្ឋ និងបូកស៊ីម៉ង់ត៍ ។
ស្រ្តីខាងលើបន្តទៀតថា គាត់ទទួល ដេញថ្លៃបានពីឈ្មោះ វី ភេទប្រុស មិនស្គាល់អត្តសញ្ញាណច្បាស់ បច្ចុប្បន្នគេចខ្លួនបាត់ ហើយឈ្មោះវី នេះទៀតសោត បានដេញថ្លៃបន្តពីឈ្មោះ ឆាត ជាអ្នកទទួល ការងារពីក្រុមហ៊ុន សំណង់បុរី ខាងលើ លុះធ្វើការងារ រៀបឥដ្ឋ និងបូកសុីម៉ង់ត៍ រួមជាមួយកម្មករចំនួន២២នាក់ទៀត បានរួចរាល់ តាមផែនការព្រមព្រៀង ក្នុងខែកុម្ភៈ ឆ្នាំ២០១៧ កន្លងមក ស្រាប់តែទូទាត់លុយ សម្រាប់កម្មករ បែរជាឈ្មោះ ឆាត ប្រាប់ថា ឈ្មោះវី បានបើកលុយយកទៅបាត់ហើយចំនួន១៤លាន២៣មុឺនរៀល នៅសល់តែលុយ៤លានរៀលតែប៉ុណ្ណោះ ក្នុងលុយសរុបចំនួន១៨លាន២៣មុឺនរៀល ។
ស្រ្តីរងគ្រោះ បានបញ្ជាក់ផងដែរថា កាលដែលចាប់ផ្តើមធ្វើការងារដំបូង ឈ្មោះ ឆាត ជាអ្នកម៉ៅការទទួលពីក្រុមហ៊ុន បានប្រាប់បញ្ជាក់ផងដែរឲ្យគាត់រកកម្មករមកធ្វើទៅ រឿងលុយកាក់ ពេលបើក ចាំគាត់ បើកប្រគល់ទូទាត់ឲ្យដល់ដៃ ថ្វីបើគាត់២នាក់ប្តីប្រពន្ធ ទទួលដេញថ្លៃពីឈ្មោះ វី ក៏ដោយ ផ្ទុយទៅវិញ
ពេលការងារចប់សព្វគ្រប់ បែរជា ឈ្មោះ ឆាត ប្រគល់លុយ ជាង១៤លានរៀលទៅឲ្យឈ្មោះ វី ហើយបណ្តោយឲ្យរត់គេចខ្លួនបាត់ ។
ដោយសារភាពមិនប្រក្រតី ពេលដែលធ្វើការងារហើយមិនបានលុយ សាកសួរទៅ ឈ្មោះ ឆាត ជាអ្នក ធានាទទួលខុសត្រូវ បែជាឆ្លើយថា ម្តងរងចាំថ្ងៃនេះ ម្តងឆ្លើយថា រង់ចាំថ្ងៃនោះ អូសបន្លាយពេលវេលា ៥សប្តាហ៍កន្លងមកហើយ ម្យ៉ាងកម្មករ ដាច់បាយ ទើបសម្រេចចិត្តរត់ទៅសុំការអន្តរាគមន៍ ពីអាជ្ញាធរសង្កាត់កាកាប ។
ក្រោយមកស្ត្រី២នាក់ប្តីប្រពន្ធ តំណាងឲ្យកម្មករ២២នាក់ទៀត មកប្តឹងអាជ្ញាធរ ក៏ដោយ មិនទាន់មានដំណោះស្រាយនៅឡើយ ស្របពេលដែលលោកចៅសង្កាត់ និងចេញលិខិត ហៅឈ្មោះ ឆាត បច្ចុប្បន្នស្នាក់នៅ ក្រុមហ៊ុនសំណង់បុរី ខាងលើ មកសកសួរ ជាមុនសិន ៕ សុខាសែនជ័យ