ខេត្តស្វាយរៀង៖ មានករណីអគ្គិភ័យឆាបឆេះតូបអាជិវករលក់ដូរមួយតូបនៅក្នុងផ្សារវាលយន្តមិនដឹងមូលហេតុ កាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ កើតឡើងនៅចំណុចតូបលក់ដូរ លក់បាយ កាហ្វេ ក្នុងផ្សារវាលយន្តជួរខាងជើង ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានកម្លាំងអធិការដ្ឋានសហការជាមួយកម្លាំងស្នងការដ្ឋានធ្វើការចុះជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន១គ្រឿង (បាញ់ទឹកអស់១រថយន្ត ) និងប្រើប្រាស់ប្រព័ន្ធទុយយោទឹកសម្រាប់ពន្លត់អគ្គិភ័យ របស់សមាគមយុវជនកម្ពុជាខេត្ត រហូតដល់ម៉ោ១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ទើបរលត់ទៅវិញទាំងស្រុង។
ប្រភពខាងលើបានបន្តទៀតថា តូបដែលត្រូវអគ្គិភ័យឆាបឆេះនោះមានម្ចាស់ឈ្មោះ កើត ចំរើន ត្រូវអគ្គិភ័យឆាបឆេះសម្ភារស្ទើរទាំងស្រុងតែម្តង។
បើតាមម្ចាស់តូបខាងលើបានឲ្យដឹងថា ពេលល្ងាចរូបគាត់បានរៀបចំអីវ៉ាន់របស់របរដូចសព្វមួយដងហើយបានបិទបារ៉ែតភ្លើងនៅក្នុងតូបកើតហេតុរួចទើបត្រឡប់ទៅផ្ទះ លុះដល់ម៉ោង១១យប់ជាងស្រាប់តែមានគេទូរស័ព្ទប្រាប់ថា តូបរបស់គាត់ត្រូវភ្លើងឆេះ ហើយរូបគាត់បានមកដល់តូបដែលជាកន្លែងលក់ដូររបស់គាត់ឃើញភ្លើងកំពុងតែឆាបឆេះបានត្រឹមតែឈរមើល និងរាយការណ៍ទៅសមត្ថកិច្ចជួយពន្លត់ប៉ុណ្ណោះ។
ប្រភពបញ្ជាក់ថា សម្ភារដែលត្រូវខូចខាតរួមមាន៖ ម៉ាស៊ីនភ្លើង១គ្រឿង ទូរទស្សន៍ Samsung LCD ៣២អ៊ីញ១គ្រឿង ទូទឹកកក១គ្រឿង ម៉ាស៊ីនកិនទឹកអំពៅ១គ្រឿង និងអីវ៉ាន់លក់ដូរមួយចំនួនធំទៀត៕ យឹម សុថាន
...