ខេត្តកំពង់ឆ្នាំង៖ ក្រុមជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយនគបាលក្រុងកំពង់ឆ្នាំងឃាត់ខ្លួនបានក្រុមជនសង្សយ័ប្រើប្រាស់ និងចែកចាយថ្នាំញៀនខណៈដែលក្រុមនេះកំពុងធ្វើសកម្មភាព ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៤៥នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចខាងជើងផ្សារលើ ស្ថិតក្នុងភូមិត្រពាំង៣ សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យទាំង៣នាក់ដែលត្រូវឃាត់ខ្លួននេះ ទី១.ឈ្មោះអ៊ុក ស៊ីថា ភេទប្រុស អាយុ៣២ឆ្នាំ ទី២.ឈ្មោះជិន ពិសាត ភេទប្រុស អាយុ៣២ឆ្នាំ និងទី៣.ឈ្មោះគឿន គឹមហាក់ ភេទប្រុស អាយុ១៩ឆ្នាំ ទាំង៣នាក់នេះមានទីលំនៅភូមិត្រពាំង៣ សង្កាត់ផ្សារឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងករណីឃាត់ខ្លួនជនទាំង៣នាក់នេះសមត្ថកិច្ចនគរបាលដកហូតបានថ្នាំញៀនចំនួន១៩កញ្ចប់តូច ទូរស័ព្ទដៃ៤គ្រឿង ដាវ១ដើម រួមនិងឧបករណ៍ជក់មួយចំនួនផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួនសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង និងសមត្ថកិច្ចជំនាញបានសហការគ្នា បន្ទាប់ពីមានការផ្តល់ព័ត៌មានមកឲ្យសមត្ថកិច្ចស្តីពីសម្មភាពរបស់ក្រុមជនសង្ស័យ ដែលបានធ្វើសកម្មភាពប្រើប្រាស់ និងចែកចាយថ្នាំញៀន នៅក្នុងមូលដ្ឋាននេះបានដាក់កម្លាំងចុះចាប់តែម្តង ។
ជនសង្ស័យទាំង៣នាក់នេះត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅបន្តទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ។
គួរបញ្ជាក់ផងដែរថា ករណីគ្រឿងញៀនត្រូវគេមើលឃើញថា នៅតែមានសកម្មភាពមកលើយុវជន បើទោះបីជាមានការផ្សព្វផ្សាយអប់រំណែនាំបង្ក្រាបយ៉ាងណាក៏ដោយ ៕ ចន្ថា